កាលពីថ្ងៃទី ៨ ធ្នូ អាជ្ញាធរគ្រប់គ្រងឱសថជាតិ NMPA របស់ ប្រទេសចិន ប្រកាសថា បានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ អង់ទីប៊ីយោទិច របស់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Brii Biosciences នៅក្នុងការព្យាបាលជំងឺកូវីដ-១។ នេះគឺជាថ្នាំព្យាបាលជំងឺ កូវីដ-១៩ ដំបូងគេដែលទទួលបាន «សញ្ញាភ្លើងខៀវ» នៅប្រទេសនេះ។
ថ្នាំខាងលើនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺដែលមានអាការស្រាល និងមធ្យម ប៉ុន្តែមានហានិភ័យចូលពេទ្យខ្ពស់។ ថ្នាំអង់ទីប៊ីយោទិច របស់ Brii Biosciences អាចព្យាបាលទាំងអ្នកជំងឺពេញវ័យ ទាំងអ្នកជំងឺដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ។
កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន Brii Biosciences ឱ្យដឹងថា ក្នុងការពិសោធលើមនុស្សដំណាក់កាលទី ៣ ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ ដោយបានជួយកាត់បន្ថយអត្រាចូលពេទ្យ និងស្លាប់រហូតដល់ ៧៨% នៅលើក្រុមដែលមានហានិភ័យខ្ពស់។ លទ្ធផលនេះត្រូវបានលើកឡើងដោយយោងទៅលើការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសចំនួន ៦ នៃទ្វីបចំនួន ៤ និងនៅឯមូលដ្ឋានស្រាវជ្រាវចំនួន ១១១ កន្លែង ក្នុងពេលពិភពលោក បានរកឃើញ វ៉ារ្យ៉ង់ ថ្មី ច្រើនប្រភេទ របស់ វីរុសកូវីដ-១៩ (SARS-CoV-2)។
ថ្នាំខាងលើនេះ ត្រូវបានក្រុមហ៊ុន Brii Biosciences សហការអភិវឌ្ឍជាមួយក្រុមស្រាវជ្រាវរបស់សាស្ត្រាចារ្យ Zhang Linqi នៃសាកលវិទ្យាល័យ Tsinghua, មន្ទីរពេទ្យប្រជាជនលេខ៣ ដែលស្ថិតក្នុងទីក្រុង Shenzhen នៃខេត្តក្វាងទុង។ ចាប់ពីថ្ងៃទី ៥ វិច្ឆិកា ថ្នាំនេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺចំនួនជិត ៧០០ នាក់រួចមកហើយ នៅក្នុងក្របខណ្ឌបន្ទាន់។
បច្ចុប្បន្ន ក្រុមហ៊ុន Brii Biosciences កំពុងដាក់ពាក្យស្នើសុំការអនុម័តឱ្យប្រើប្រាស់បន្ទាន់ចំពោះថ្នាំនេះ នៅ សហរដ្ឋអាម៉េរិក៕