(ប្រេស៊ីល)-កុមារពីរនាក់ដែលមានអាយុទើបតែប៉ុន្មានខែប៉ុណ្ណោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុគ្គលិកពេទ្យចាក់ច្រឡំចំវ៉ាក់សាំងបង្កើតជំងឺកូវីដ-១។
យោងតាមទូរទស្សន៍ (រុស្ស៊ី) ហេតុការណ៍ដែលកើតឡើងនៅទីក្រុង Sorocaba ក្នុងរដ្ឋ Sao Paulo ខាងលើនេះ ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីនៃ ប្រទេសប្រេស៊ីល។
កុមារអាយុ ៤ ខែម្នាក់ និងកុមារីអាយុ ២ ខែម្នាក់ បានទៅកាន់មជ្ឈមណ្ឌលសុខាភិបាលក្នុងតំបន់ កាលពីថ្ងៃទី ១ ខែធ្នូ ដើម្បីទទួលការចាក់វ៉ាក់សាំងចម្រុះបង្ការជំងឺក្អកមាន់ រលាកថ្លើម និង ខាន់ស្លាក់។ល។
ប៉ុន្តែ ក្រោយការចាក់វ៉ាក់សាំង កុមារទាំងពីរខាងលើមានអាការក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ និងមិនព្រមបៅទឹកដោះ។ បើទោះជាបានលេបថ្នាំ តែអាការនៅតែមិនធូរស្បើយ។
អាណាព្យាបាលរបស់កុមារទាំងនេះក៏បានទាក់ទងទៅកាន់ប្រធានមន្ទីរសុខាភិបាល នៃក្រុង Sorocaba ហើយក៏ត្រូវបានជូនដំណឹងថា មានកំហុសឆ្គងកើតឡើង ដោយកុមារទាំងនេះត្រូវបានចាក់ច្រឡំវ៉ាក់សាំងបង្ការកូវីដ-១។
ក្រោយការចាក់វ៉ាក់សាំងបានមួយថ្ងៃ បុគ្គលិកសុខាភិបាលបានរកឃើញថា កុមារមួយចំនួនត្រូវបានចាក់ច្រឡំវ៉ាក់សាំង នៅពេលពួកគេត្រួតពិនិត្យឃ្លាំងវ៉ាក់សាំង។ បុគ្គលិកពេទ្យដែលទទួលខុសត្រូវ បានទទួលស្គាល់ថា បានចាក់ច្រឡំវ៉ាក់សាំងពីរប្រភេទ ព្រោះតែពួកវាមានរូបរាងដូចគ្នាពេក។ បុគ្គលិកសុខាភិបាលរូបនេះ បច្ចុប្បន្នត្រូវបានផ្អាកពីការងារ និងកំពុងត្រូវបានស៊ើបអង្កេត។
កុមារខាងលើ កាលពីថ្ងៃទី ២ ខែធ្នូ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ស្ថានភាពសុខភាពរបស់ពួកគេបានប្រសើរឡើង ប៉ុន្តែ ត្រូវការតាមដានច្រើនថ្ងៃតទៅទៀត។ ភាគីខាងក្រុមហ៊ុន Pfizer បានឱ្យដឹងថា ត្រូវតាមដានករណីនេះឱ្យបានពី ១០ ទៅ ១៥ ថ្ងៃទៀត។
គិតមកដល់បច្ចុប្បន្ន កុមារទាំងពីរនាក់ខាងលើ មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយកើតឡើងដោយសារការចាក់ច្រឡំវ៉ាក់សាំងកូវីដ-១៩ នេះទេ៕