(អេស្ប៉ាញ)-បុគ្គលិកពេទ្យផ្នែក ICU ចំនួន ៦៨ នាក់ ក្នុងនោះមានទាំងវេជ្ជបណ្ឌិតផងដែរ បានឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីបានចូលរួមពិធីជប់លៀងបុណ្យណូអែលកាលពីដើមខែធ្នូ។
មន្ទីរសុខាភិបាលតំបន់ អានដាលូស៊ី (Andalusia) នៅភាគខាងត្បូងនៃ ប្រទេសអេស្ប៉ាញ ថ្ងៃនេះ បានប្រកាសឱ្យដឹងថា តួលេខអ្នកជំងឺក្នុង «សម្បុកវីរុសកូវីដ-១៩» នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យតំបន់ ម៉ាឡាហ្គា (Malaga) បានកើនពី ២២ នាក់ ឡើងដល់ ៦៨ នាក់។ ភាគច្រើននៃអ្នកជំងឺគឺជាបុគ្គលិកសុខាភិបាលនៃបន្ទប់ព្យាបាលពិសេស (ICU)។
អ្នកជំងឺទាំងអស់ខាងលើ សុទ្ធតែបានចូលរួមពិធីជប់លៀងបុណ្យណូអែល កាលពីថ្ងៃទី១ ធ្នូ ជាមួយនឹងបុគ្គលិកជំនាញក្នុងផ្នែក ICU ចំនួន ១៧៣ នាក់។ ពួកគេធ្លាប់ទទួលបានលទ្ធផលអវិជ្ជមាន ឬបានចាក់វ៉ាក់សាំងដូសជំរុញ មុនពេលទៅចូលរួមពិធីជប់លៀង។ អ្នកជំងឺទាំងនេះមានរោគសញ្ញាស្រាល និងកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង។
ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់បានសង្កត់ធ្ងន់ថា ប្រភពចម្លងមួយផ្សេងទៀតអាចជាពិធីជប់លៀងរួមសម្រាប់បុគ្គលិកសុខាភិបាលរបស់មន្ទីរពេទ្យ និងបានស្នើឱ្យបុគ្គលិកនៅមន្ទីរពេទ្យនានា កុំទៅចូលរួមពិធីជប់លៀងបុណ្យណូអែលណាមួយនាពេលខាងមុខ។
អភិបាលក្រុង ំាឡាហ្គា លោក ហ្វ្រានស៊ីស្កូ ដេ ឡា តូររ៉េ (Francisco de la Torre) កាលពីថ្ងៃទី ៥ ធ្នូ បានព្រមានថា ករណីឆ្លងវីរុសនៅទីក្រុងនេះ កំពុងតែមានកំណើនយ៉ាងឆាប់រហ័ស។ អត្រានៃអ្នកវិជ្ជមានថ្មីក្នុងអំឡុង ១៤ ថ្ងៃ នៅទីក្រុងនេះ គិតត្រឹមថ្ងៃទី ៣ ធ្នូ មាន ១២៧ ករណី/ពលរដ្ឋ ១០០,០០០ នាក់ ដែលនេះគឺជិតស្មើនឹងទ្វេដង ធៀបនឹងកាលពីពាក់កណ្ដាលខែវិច្ឆិកា។ «បើសិនជាអត្រានៃការឆ្លងនៅតែបន្តកើនឡើងទៀត រហូតដល់ចុងខែធ្នូ យើងអាចមានអ្នកឆ្លងជាង ៤០០ ករណី/ពលរដ្ឋ ១០០,០០០ នាក់» លោក ហ្វ្រានស៊ីស្កូ បន្ថែមដូច្នេះ៕