ទីក្រុង ហារប៊ីន (Harbin) នៃ ប្រទេសចិន ផ្ដល់ប្រាក់រង្វាន់ចំនួន ១,៥០០ ដុល្លារអាម៉េរិក ដល់ពលរដ្ឋទាំងឡាយណាដែលវិជ្ជមាននឹងវីរុសកូវីដ-១៩ ឱ្យតែពួកគេពួកគេទៅធ្វើតេស្តរកវីរុស នៅពេលមានរោគសញ្ញាគួរឱ្យសង្ស័យ ដោយមិនចាំបាច់រង់ចាំសមត្ថកិច្ចតាមស្វែងរក។
«យើងស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើព័ត៌មានស្ដីពីករណីឆ្លងថ្មីនានាដែលបានកើតឡើង។ បើសិនជាអ្នកមានភាពម្ចាស់ការក្នុងការទៅកាន់មន្ទីរសុខាភិបាលនៅពេលមានរោគសញ្ញាសង្ស័យថាឆ្លងកូវីដ-១៩ អ្នកនឹងទទួលបានប្រាក់រង្វាន់ ១០,០០០ យុន (ជាង ១,៥០០ ដុល្លារអាម៉េរិក) ក្នុងករណីវិជ្ជមាន» សេចក្ដីប្រកាសរបស់អាជ្ញាធរក្រុង ហារប៊ីន បានបញ្ជាក់ដូច្នេះកាលពីចុងសប្ដាហ៍មុន។
ប្រកាសខាងលើបានបន្ថែមថា នៅពេលពលរដ្ឋមានរោគសញ្ញា ដូចជា ក្អក ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឬបាត់បង់រសជាតិ និងក្លិនជាដើម គួរតែទាក់ទងមជ្ឈមណ្ឌលសុខាភិបាល ជំនួសឱ្យការទិញថ្នាំមកលេបដោយចិត្តឯង។ ពលរដ្ឋក៏ត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីពេលវេលា និងទីតាំងដែលពួកគេបានទៅដល់ និងបុគ្គលទាំងឡាយដែលពួកគេបានជួបផងដែរ។
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុង ហារប៊ីន រកឃើញអ្នកវិជ្ជមានថ្មីក្រោម ១០ ករណីជារៀងរាល់ថ្ងៃកាលពីសប្ដាហ៍មុន។ កាលពីចុងសប្ដាហ៍មុន ហារប៊ីន ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៧ នាក់ ប៉ុន្តែពុំមានអ្នកណាមួយទទួលបានប្រាក់រង្វាន់ ១០,០០០ យុននោះទេ ព្រោះតែករណីទាំងនោះសុទ្ធតែត្រូវបានរកឃើញតាមរយៈការធ្វើតេស្តតាមកាលកំណត់ និងការស្រាវជ្រាវ។
គណៈកម្មការជាតិសុខាភិបាលរបស់ ចិន កាលពីថ្ងៃទី ៥ ធ្នូ បានប្រកាសថា បានរកឃើញករណីឆ្លងថ្មីចំនួន ៦១ នាក់ នៅទូទាំងប្រទេស នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមាននឹងកូវីដ-១៩ របស់ប្រទេសនេះ កើនដល់ជាង ៩៩,២០០ នាក់ ខណៈតួលេខអ្នកស្លាប់កើនដល់ជាង ៤,៦០០ នាក់ រាប់ពីពេលកូវីដ-១៩ បង្ហាញខ្លួន រហូតដល់បច្ចុប្បន្ន៕