អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា អូមីក្រុង អាចចូលមកជំនួស ដេលតា ដើម្បីក្លាយជា វ៉ារ្យ៉ង់ លេចធ្លោជាគេនៅទូទាំងសកលលោក ប៉ុន្តែ វ៉ាក់សាំងបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មីនេះ។
«វាអាចនឹងក្លាយជា វ៉ារ្យ៉ង់ ដែលមានប្រៀបជាងគេ» Soumya Swaminathan អ្នកវិទ្យាជាន់ខ្ពស់របស់ WHO ថ្លែងដូច្នេះនៅក្នុងសន្និសីទ Reuters Next នៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៣ ធ្នូ ២០២។ ប៉ុន្តែ លោកស្រីបានសង្កត់ធ្ងន់ថា នេះគឺជាសេណារីយ៉ោ ដែលមិនទាន់អាចព្យាករបានច្បាស់លាស់នៅឡើយ។ បច្ចុប្បន្ន ដេលតា នៅតែជា វីរុសបំប្លែងខ្លួនថ្មី ដែលលេចធ្លោជាងគេ ដោយ «គ្រប់គ្រង» ករណីឆ្លងថ្មីរហូតដល់ ៩៩% នៅក្នុងពិភពលោក។
ក្រុមអ្នកវិទ្យាសាស្ត្រនៅឯ សហភាពអឺរ៉ុប (EU) អូស្ត្រាលី និង សិង្ហបុរី មុននោះក៏បានព្យាករថា អូមីក្រុង អាចបង្កឱ្យមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ដេលតា ក្នុងរយៈពេល ៣ ទៅ ៦ ខែខាងមុខ។
បើសិន ទ្វីបអាហ្វ្រិក បានទទួលវ៉ាក់សាំង និងមានយុទ្ធនាការចាក់វ៉ាក់សាំងល្អជាងនេះ នោះ អូមីក្រុង ប្រហែលជាមិនបានបង្ហាញខ្លួនដូចបច្ចុប្បន្ន។ នេះបើតាមការយល់ឃើញរបស់លោកស្រី Swaminathan។
យ៉ាងណាក៏ដោយ លោកស្រី Swaminathan ថ្លែងថា ពិភពលោកមិនគួរព្រួយភ័យខ្លាំងពេកទេ ព្រោះថា វ៉ាក់សាំងបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មី បើទោះជាតួលេខអ្នកឆ្លងថ្មីនៅ អាហ្វ្រិកខាងត្បូង កើនឡើងទ្វេគុណជារៀងរាល់ថ្ងៃ៕