មន្ត្រីខុសាភិបាលជាន់ខ្ពស់មួយរូបរបស់ រុស្ស៊ី បានព្រមានថា វីរុស SARS-CoV-2 (កូវីដ-១៩) អាចរស់បានរយៈពេលយូរនៅក្នុងរាងកាយមនុស្ស ក្រោយពីបានឆ្លងវីរុសនេះ។
នៅក្នុងសម្ភាសជាមួយទស្សនាវដ្ដី KP កាលពីថ្ងៃទី ២ វិច្ឆិកា លោកស្រី អាណា ប៉ូប៉ូវ៉ា (Anna Popova) ដែលជាប្រធានអាជ្ញាធរគ្រប់គ្រងនិងការពារសុខភាពអ្នកប្រើប្រាស់ Rospotrebnadzor បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសអាចរស់បានរហូតដល់ ៨០ ថ្ងៃ ឬ ១០០ ថ្ងៃ នៅក្នុងរាងកាយអ្នកជំងឺ។
«ការសិក្សាស្រាវជ្រាវថ្មីបំផុតបានបង្ហាញអំពីប្រការនេះ» លោកស្រី អាណា ប៉ូប៉ូវ៉ា បញ្ជាក់ដូច្នេះ និងបន្តថា រយៈពេលនៃការសម្ងំខ្លួនរបស់ វីរុសកូវីដ-១៩ គឺ ១៤ ថ្ងៃ មានន័យថា រោគសញ្ញានឹងបង្ហាញខ្លួនយ៉ាងយូរបំផុតពីរសប្ដាហ៍ក្រោយពីបានឆ្លង។
ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លង (CDC) របស់ អាម៉េរិក បានឱ្យដឹងថា អ្នកដែលបានជាពីជំងឺកូវីដ-១៩ អាចនៅតែមាន RNA (Ribonucleic acid) របស់វីរុសនេះ នៅក្នុងសំណាកដែលយកពីផ្លូវដង្ហើម យ៉ាងយូរ ៣ ខែ ក្រោយពីមានជំងឺ។ ប៉ុន្តែ លទ្ធភាពនៃការឆ្លងគឺមានតិចតួចណាស់។