ក្រុមមន្ត្រីសុខាភិបាលមួយចំនួន បានលើកឡើងនូវភ័ស្ដុតាងថ្មីបង្ហាញថា វ៉ារ្យ៉ង់ អូមីក្រុង (Omicron) ប្រហែលជាបានឆ្លងរាលដាលខាងក្រៅ ទ្វីបអាហ្វ្រិក មុនពេលទ្វីបនេះរកឃើញករណីឆ្លង អូមីក្រុង ទីមួយ។
យោងតាមសារព័ត៌មាន NBCNews ក្រុមមន្ត្រីសុខាភិបាលនៃ ប្រទេសហូឡង់ បានឱ្យដឹងថា ពួកគេបានរកឃើញ វ៉ារ្យ៉ង់អូមីក្រុង នៅក្នុងសំណាកដែលត្រូវបានយកចាប់ថ្ងៃទី ១៩ វិច្ឆិកា និង ២៣ វិច្ឆិកា។ ប្រការនេះបង្ហាញថា វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង ប្រហែលជាបានកកើតឡើងនៅ ទ្វីបអឺរ៉ុប មុនពេលត្រូវបានរកឃើញនៅ ប្រទេសអាហ្វ្រិកខាងត្បូង។ ក៏ប៉ុន្តែ វិទ្យាស្ថានជាតិសុខាភិបាលសាធារណៈរបស់ ហូឡង់ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកជំងឺទាំងនេះធ្លាប់បានទៅកាន់បណ្ដាប្រទេសនៅភាគខាងត្បូងនៃ ទ្វីបអាហ្វ្រិក ឬយ៉ាងណានៅឡើយ»។
ដើមសប្ដាហ៍នេះ ហូឡង់ បានរកឃើញយ៉ាង ១៤ ករណីដែលបានឆ្លង វ៉ារ្យ៉ង់អូមីក្រុង នៅក្នុងចំណោមអ្នកដំណើរដែលបានត្រលប់មកពី អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៦ វិច្ចិកា។
ចំណែក នីហ្សេរីយ៉ា វិញ ក៏បានរកឃើញករណីឆ្លង អូមីក្រុង ដំបូង នៅក្នុងសំណាកដែលយកកាលពីខែតុលា នេះបើតាមសារព័ត៌មាន AP ដកស្រង់ប្រភពព័ត៌មានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបានចុះផ្សាយកាលពីម្សិលមិញ។
កាលពីដើមខែវិច្ឆិកា អាហ្វ្រិកខាងត្បូង បានរកឃើញប្រការចម្លែកៗនៅក្នុងការពិសោធសំណាកកូវីដ-១៩ ហើយក្រោយមកក៏ចាប់ផ្ដើមមានការវិភាគនានា។ ថ្ងៃទី ២៤ វិច្ឆិកា អាជ្ញាធររបស់ អាហ្វ្រិកខាងត្បូង បានព្រមាន និងរាយការណ៍អំពី វ៉ារ្យ៉ង់ ថ្មី របស់ កូវីដ-១៩ ដែលហៅថា B.1.1.529។ ពីរថ្ងៃក្រោយមក អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យ B.1.1.529 នេះថា អូមីក្រុង (Omicron) និងចាត់ចូលក្នុងក្រុមវ៉ារ្យ៉ង់ ដែលគួរឱ្យព្រួយបារម្ភ៕