ក្រុមអ្នកវិទ្យាសាស្ត្រចិន ប្រកាសថា រកឃើញ និងបំបែកចេញបាននូវអង្គបដិប្រាណមួយប្រភេទដែលអាចជា «ឱសថទិព្វ» សម្រាប់ទប់ទល់នឹងរាល់ វីរុសបំប្លែងខ្លួនរបស់ កូវីដ-១៩ ដែលធ្លាប់បានរកឃើញកន្លងមក។
ក្នុងលទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៣០ វិច្ឆិកា ក្រុមអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវរបស់ ប្រទេសចិន (ក្នុងនោះមាន សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun Yat-sen) នៅ ខេត្តក្វាងចូវ និង សាកលវិទ្យាល័យ ចេជាំង (Zhejiang) នៅ ខេត្ត ហាងចូវ (Hangzhou) បានឱ្យដឹងថា ពួកគេទំនងជាបានរកឃើញ «ឱសថទិព្វ» សម្រាប់ដោះស្រាយបញ្ហាវិបត្តិកូវីដ-១។
ទូរទស្សន៍ RT (រុស្ស៊ី) ផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រនេះបានអះអាងថា អង្គបដិប្រាណ 35B5 ដែលពួកគេរកឃើញ បានបង្ហាញប្រសិទ្ធភាពទាំងនៅក្នុងបន្ទប់ពិសោធន៍ ទាំងនៅក្នុងការពិសោធលើរាងកាយមានជីវិត។
35B5 អាចបន្សាប វីរុសកូវីដ-១៩ ប្រភេទដំបូង ក៏ដូចជាបណ្ដា វ៉ារ្យ៉ង់ ដែលបាន និងកំពុងបង្កការព្រួយបារម្ភ (VOC) ដល់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានពិសោធថ្នាំនេះនៅលើសត្វកណ្ដុរដែលមានផ្ទុក វ៉ារ្យ៉ង់ ដូចនៅលើមនុស្ស។ 35B5 អាចភ្ជាប់ខ្លួនទៅនឹងតំបន់ស្ថិរភាពបំផុតរបស់ ប្រូតេអ៊ី S (Spike protein/S-protein) នៅលើ វីរុស រួចបន្សាបរាល់ វ៉ារ្យ៉ង់ របស់វា រួមទាំង អូមីក្រុង (Omicron) ផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា របកគំហើញនេះអាចជួយដល់ការអភិវឌ្ឍវ៉ាក់សាំងរួមមួយ ដែលមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសកូវីដ-១៩ គ្រប់ប្រភេទ៕