អ្នកជំងឺកូវីដ-១៩ ដែលផ្ទុកវីរុសប្រភេទ អូមីក្រុង (Omicron) ដំបូង ដែលត្រូវបានរកឃើញនៅ សហរដ្ឋអាម៉េរិក គឺជាអ្នកដំណើរត្រលប់មកពី អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២២ វិច្ឆិកា និងកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង។
មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់រោគរាតត្បាត (CDC) របស់ អាម៉េរិក នាថ្ងៃនេះ បានឱ្យដឹងថា ករណីឆ្លងវ៉ារ្យ៉ង់ អូមីក្រុង ដំបូងនៅប្រទេសនេះគឺជាពលរដ្ឋរបស់រដ្ឋ California ដែលបានត្រលប់មកពី ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២២ វិច្ឆិកា ហើយមួយសប្ដាហ៍ក្រោយមកក៏បានធ្វើតេស្តរកឃើញថា វិជ្ជមាននឹងកូវីដ-១៩ ប្រភេទ អូមីក្រុង។
CDC របស់ អាម៉េរិក បានប្រកាសថា «អ្នកជំងឺនេះកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មានអាការរោគស្រាល និងបានប្រសើរឡើងវិញហើយ។ ករណីប៉ះពាល់ផ្ទាល់ត្រូវបានស្រាវជ្រាវ ធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមាន»។
អ្នកជំនាញផ្នែករោគឆ្លងរបស់ អាម៉េរិក លោក Anthony Fauci ឱ្យដឹងថា អ្នកជំងឺនេះបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែមិនទាន់បានចាក់ដូសជំរុញ។ លោកថា ត្រូវការពេលជាង ២ សប្ដាហ៍ ដើម្បីដឹងអំពីលទ្ធភាពនៃការឆ្លងរាលដាលរបស់ អូមីក្រុង ក៏ដូចជាកម្រិតនៃភាពធ្ងន់ធ្ងរ និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវ៉ារ្យ៉ង់នេះ។
អូមីក្រុង បានបង្ហាញវត្តមានដំបូងនៅ ប្រទេសប៊ុតស្វាណា (Botswana) កាលពីថ្ងៃទី ១១ វិច្ឆិកា ហើយក្រោយមកត្រូវបាន ប្រទេសអាហ្វ្រិកខាងត្បូង រកឃើញ និងប្រកាសជាសាធារណៈ នៅពេលករណីឆ្លងនៅប្រទេសនេះកើនឡើងយ៉ាងឆាប់រហ័ស។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៦ វិច្ឆិកា បានចាត់ អូមីក្រុង ចូលទៅក្នុងក្រុមវ៉ារ្យ៉ង់ដែលគួរឱ្យព្រួយបារម្ភ។
គិតមកដល់បច្ចុប្បន្ន ប្រទេសជាង ២០ ហើយ ដែលបានរកឃើញវ៉ារ្យ៉ង់ថ្មីនេះ ក្នុងនោះក៏មានទាំងបណ្ដាប្រទេសនៅ ទ្វីបអឺរ៉ុប និងអាស៊ី ផងដែរ៕