នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថ ហ្វៃហ្សឺរ (Pfizer) លោក Albert Bourla បានឱ្យដឹងថា ក្រុមហ៊ុននេះជឿជាក់ថា ថ្នាំគ្រាប់សម្រាប់លេបរបស់ ហ្វៃហ្សឺរ នឹងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវ៉ារ្យ៉ង់ទាំងអស់របស់ ASRS-CoV-2 (វីរុសបង្កជំងឺកូវីដ-១៩) បូករួមទាំង អូមីក្រុង (Omicron) ដែលទើបត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិ Albert Bourla បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃទី ៣០ វិច្ឆិកា ថា ក្រុមហ៊ុនរបស់លោកក៏កំពុងស្រាវជ្រាវអភិវឌ្ឍឱសថ្មីផងដែរ ដើម្បីត្រៀមបង្ការករណីវីរុសអាចទប់ទល់នឹងថ្នាំដែលមាននៅបច្ចុប្បន្ន។
តាមការអះអាងរបស់ ហ្វៃហ្សឺរ ថ្នាំនេះមិនត្រឹមតែវាយប្រហារលើវីរុសនោះទេ ប៉ុន្តែក៏អាចទប់ស្កាត់អង់ស៊ីម (enzyme) មួយប្រភេទដែលមានតួនាទីសំខាន់ក្នុងដំណើរការកកើតកូនចៅរបស់វីរុសផងដែរ។
កាលពីថ្ងៃទី ១៧ វិច្ឆិកា ក្រុមហ៊ុន ហ្វៃហ្សឺរ បានដាក់ពាក្យទៅកាន់អាជ្ញាធរគ្រប់គ្រងអាហារនិងឱសថអាម៉េរិក (FDA) ដើម្បីសុំការអនុម័តឱ្យប្រើប្រាស់បន្ទាប់ចំពោះ Paxlovid ជាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺដែលមានអាការស្រាល និងមធ្យម។
ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ FDA របស់ អាម៉េរិក អាចនឹងធ្វើការអនុម័តឱ្យប្រើប្រាស់ថ្នាំ Paxlovid ជាថ្នាំដែលក្រុមហ៊ុន ហ្វៃហ្សឺរ អះអាងថា មានប្រសិទ្ធភាព ៨៩% ក្នុងការកាត់បន្ថយហានិភ័យនៃការចូលពេទ្យ និងស្លាប់ដោយសារកូវីដ-១៩៕