«វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា (Gamaleya) ជឿថា វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) និង ស្ពុតនីក ឡៃត៍ (Sputnik Light) នឹងអាចកម្ចាត់បានវ៉ារ្យ៉ង់ អូមីក្រុង ព្រោះថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះវីរុសបំប្លែងខ្លួនដទៃ។ ក្នុងករណីចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសជំរុញ យើងអាចផ្គត់ផ្គង់វ៉ាក់សាំងរាប់រយលានដូស មុនថ្ងៃទី ២០ កុម្ភៈ ២០២២» គីរីល ឌីមីទ្រីវ (Kirill Dmitriev) នាយកមូលនិធិវិនិយោគផ្ទាល់របស់ រុស្ស៊ី (RDIF) ជាស្ថាប័នវិនិយោគ និងឃោសនាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ រុស្ស៊ី បានសរសេរដូច្នេះនៅលើ Twitter កាលពីថ្ងៃទី 29 វិច្ឆិកា។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) ថ្លែងថា៖ «ប្រតិកម្មនៅលើទីផ្សារនាបច្ចុប្បន្ន សុទ្ធតែមានលក្ខណៈជាអារម្មណ៍ មិនយោងទៅលើភ័ស្ដុតាងវិទ្យាសាស្ត្រ»។
វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា ដែលជាកន្លែងអភិវឌ្ឍវ៉ាក់សាំង ស្ពុតនីក វី កាលពីខែមិថុនា បានឱ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០% ចំពោះវ៉ារ្យ៉ង់ ដេលតា (Delta)។ អាឡិចសាន់ឌឺ ហ្គីនស្បឺក (Alexander Ginsburg) ដែលជានាយកនៃវិទ្យាស្ថាននេះ អះអាងថា វ៉ាក់សាំង ស្ពុតនីក វី មានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីរបស់ កូវីដ-១។
អង្គការសុខភាពពិភពលោក (WHO) បានចាត់ អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ចូលក្នុងក្រុម វ៉ារ្យ៉ង់ ដែលគួរឱ្យព្រួយបារម្ភ។ វ៉ារ្យ៉ង់ថ្មីនេះបានបង្ហាញខ្លួននៅក្នុងបណ្ដាប្រទេសក្នុង ទ្វីបអឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោក៕