លោក បៃដិន ជំរុញឱ្យបណ្ដាប្រទេសបោះបង់ការការពារកម្មសិទ្ធិបញ្ញាចំពោះវ៉ាក់សាំង ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក ក្នុងបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបង្កឡើងដោយវ៉ារ្យ៉ង់ Omicron។
កាលពីថ្ងៃទី 26 វិច្ឆិកា ប្រធានាធបិតីអាម៉េរិក លោក ចូ បៃដិន យល់ថា ព័ត៌មានស្ដីពីវីរុសបំប្លែងខ្លួនថ្មី Omicron ជាថ្មីម្ដងទៀត «បានបង្ហាញអំពីសារសំខាន់នៃការបោះបង់កម្មសិទ្ធិបញ្ហាវ៉ាក់សាំងដោយឆាប់រហ័ស» ដើម្បីអនុញ្ញាតឱ្យផលិតវ៉ាក់សាំងទូទាំងពិភពលោក។
លោក បៃដិន ក៏បានជំរុញឱ្យបណ្ដាប្រទេសអ្នកមាន បង្កើនជំនួយជាវ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ នៅក្នុងសង្គ្រាមប្រឆាំងជំងឺរាតត្បាត។ លោកបញ្ជាក់ថា «សហរដ្ឋអាម៉េរិក បានផ្ដល់ជំនួយជាវ៉ាក់សាំងច្រើនជាងប្រទេសនានាបូកចូលគ្នាទៅទៀត។ ហើយដល់ពេលដែលប្រទេសផ្សេងៗ ត្រូវតាមឱ្យទាន់ល្បឿន និងភាពជាប្រទេសចិត្តទូលាយដូច សហរដ្ឋអាម៉េរិក»។
ការអំពាវនាវរបស់ប្រធានាធិបតីអាម៉េរិក នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបានរឹតត្បិតការធ្វើដំណើរទៅមកជាមួយនឹងប្រទេសចំនួន ៨ នៅភាពខាងត្បូងនៃ ទ្វីបអាហ្វ្រិក ដើម្បីទប់ស្កាត់វ៉ារ្យ៉ង់ Omicron ដែលទើបត្រូវបានរកឃើញ និងទើបត្រូវបានអង្គការសុខភាពពិភពលោក (WHO) វាយតម្លៃថា មានសមត្ថភាពឆ្លងរាលដាលខ្លាំងជាង Delta។
ទិន្នន័យរបស់ក្រសួងការបរទេសអាម៉េរិក បង្ហាញថា ប្រទេសនេះបានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិច ១.១ ពាន់លានដូស ក្នុងនោះ ២៣៦.១ លានដូសត្រូវបានប្រគល់រួចរាល់ និង ២៧.៨ លានដូស កំពុងត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដាប្រទេសជាគោលដៅ។ ៥០% នៃវ៉ាក់សាំងរបស់ សហរដ្ឋអាម៉េរិក ត្រូវបានផ្ដល់ជំនួយតាមរយៈយន្តការ Covax របស់ WHO ចំណែកក្រៅពីនេះត្រូវបានផ្ដល់ជំនួយលក្ខណៈទ្វេភាគី។
វ៉ារ្យ៉ង់ B.1.1.529 ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេស Botswana កាលពីថ្ងៃទី 11 វិច្ឆិកា ហើយក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះឱ្យថា Omicron និងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃវីរុសដែលគួរឱ្យព្រួយបារម្ភ កម្រិតធ្ងន់ធ្ងរបំផុត៕