ក្រុមហ៊ុន BioNTech ដែលជាដៃគូសហការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយនឹង Pfizer ឱ្យដឹងថា ពួកគេអាចធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងដោយប្រើពេលតែ ៦ សប្ដាហ៍ បើសិនជាវីរុសបំប្លែងខ្លួនថ្មី Omicron អាចគេផុតពីអង្គបដិប្រាណ។
«Pfizer និង BioNTech បានធ្វើសកម្មភាពតាំងពីច្រើនខែមុនដើម្បីអាចកែសម្រួលវ៉ាក់សាំងប្រភេទ mRNA ក្នុងរយៈពេល ៦ ខែ និងដឹកជញ្ជូនឡូត៍ទំនិញដំបូងក្នុងរយៈពេល ១០០ ថ្ងៃ បើសិនមានវត្តមានវ៉ារ្យ៉ង់ដែលមានសមត្ថភាពគេចផុតពីប្រព័ន្ធការពាររាងកាយ» ក្រុមហ៊ុនរបស់ អាល្លឺម៉ង់ BioNTech បានប្រកាសដូច្នេះកាលពីថ្ងៃទី 26 វិច្ឆិកា។
BioNTech បន្ថែមថា ពួកគេកំពុងពិសោធមើលថា តើវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលក្រុមហ៊ុននេះសហការអភិវឌ្ឍជាមួយក្រុមហ៊ុន អាម៉េរិក Pfizer មានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីប្រភេទ Omicron ឬទេ។ លទ្ធផលចុងក្រោយនៃការស្រាវជ្រាវ តាមគម្រោងនឹងត្រូវបានប្រកាសឱ្យដឹងក្នុងរង្វង់ ២ សប្ដាហ៍ទៀត។
វ៉ារ្យ៉ង់ B.1.1.529 ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេស Botswana កាលពីថ្ងៃទី 11 វិច្ឆិកា ហើយក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះឱ្យថា Omicron និងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃវីរុសដែលគួរឱ្យព្រួយបារម្ភ កម្រិតធ្ងន់ធ្ងរបំផុត។
ក្រុមហ៊ុន Moderna របស់ អាម៉េរិក ក៏បានឱ្យដឹងថា ពួកគេកំពុងពិសោធបេក្ខភាពវ៉ាក់សាំងជំរុញចំនួន ៣ ក្នុងគោលដៅអភិវឌ្ឍវ៉ាក់សាំងទុកចាក់ដូសបន្ថែមសម្រាប់តែវ៉ារ្យ៉ង់ Omicron។
ចំណែកក្រុមហ៊ុនរបស់ អាម៉េរិក មួយទៀតគឺ Johnson & Johnson ក៏បានបញ្ជាក់ថា កំពុងពិសោធវ៉ាក់សាំងដែលមានប្រសិទ្ធភាពរបស់ពួកគេ ចំពោះវ៉ារ្យ៉ង់ថ្មី ដើម្បីវាយតម្លៃថា ត្រូវការធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងដែរ ឬយ៉ាងណា។
AstraZeneca ដែលជាក្រុមហ៊ុនរបស់ អង់គ្លេស ឯណោះវិញ ក៏កំពុងធ្វើការស្រាវជ្រាវនៅ Botswana និង Eswatini ជាប្រទេសនៅតំបន់ភាគខាងត្បូងនៃ ទ្វីបអាហ្វ្រិក ដែលបានរកឃើញ Omicron ក្នុងបំណងប្រមូលទិន្នន័យជាក់ស្ដែងស្ដីពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca ចំពោះវីរុសកូវីដ-១៩ ប្រភេទថ្មី៕