សាកលវិទ្យាល័យមួយរបស់ សហរដ្ឋអាម៉េរិក បានធ្វើការពិសោធស្ករកៅស៊ូដែលមានផ្ទុកប្រភេទប្រូតេអ៊ីន ដែលអាចដាក់អន្ទាក់ COVID-19 ដើម្បីកាត់បន្ថយបរិមាណវីរុសដែលមាននៅក្នុងទឹកមាត់។
ប្រភេទស្ករកៅស៊ូនេះ មានផ្ទុក CTB-ACE2 ដែលជាប្រូតេអ៊ីនមួយប្រភេទត្រូវបានរកឃើញនៅលើផ្ទៃនៃកោសិកា និងត្រូវបានវីរុសប្រើប្រាស់ជាច្រក ដើម្បីចូលមកក្នុងកោសិការបស់រាងកាយមនុស្ស។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាម៉េរិក ដែលបានចុះផ្សាយនៅលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Molecular Therapy កាលពីដើមខែនេះ។
ក្នុងការពិសោធដោយប្រើប្រាស់ទឹកមាត់របស់អ្នកជំងឺ COVID-19 អ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសទាំងឡាយបានភ្ជាប់ខ្លួនទៅនឹងប្រូតេអ៊ីន ACE2 នៅក្នុងស្ករកៅស៊ូ ដោយឯកឯង។ ជាលទ្ធផល បរិមាណវីរុសក្នុងសំណាកទឹកមាត់បានថយចុះជាង 95%។
ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ប្រភេទស្ករកៅស៊ូនេះ មានក្លិន និងរសជាតិដូចទៅនឹងប្រភេទស្ករកៅស៊ូធម្មតា ហើយធាតុ ACE2 ក្នុងនោះ មិនត្រូវបានបំផ្លាញនៅពេលទំពារ។ ជាងនេះ ពួកគេអះអាងថា ស្ករកៅស៊ូនេះ អាចរក្សាទុកបានក្នុងសីតុណ្ហភាពធម្មតា ក្នុងរយៈពេលច្រើនឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្រនេះថ្លែងថា ការប្រើប្រាស់ស្ករកៅស៊ូដើម្បីកាត់បន្ថយបរិមាណវីរុសក្នុងទឹកមាត់នឹងមានផលប្រយោជន៍ខ្លាំងនៅក្នុងបណ្ដាប្រទេសក្រីក្រ និងបណ្ដាប្រទេសដែលមិនទាន់មានប្រភពវ៉ាក់សាំងគ្រប់គ្រាន់ ដោយសារវាមានតម្លៃទាប៕