ការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំនៅប្រទេស បារាំង បានបង្ហាញថា រោគសញ្ញាដែលត្រូវបានគេហៅថា «អាការរោគ COVID-19 អូសបន្លាយពេលយូរ» អាចបណ្ដាមកពីកត្តាផ្លូវចិត្តច្រើនជាងកត្តាឆ្លងវីរុស។
របាយការណ៍មួយដែលទើបត្រូវបានចុះផ្សាយលើទស្សនាវដ្ដីសមាគមសេវជ្ជសាស្ត្រសហរដ្ឋអាម៉េរិក ដែលបានសិក្សាស្រាវជ្រាវទៅលើមនុស្សជិត 27,000 នាក់ នៅពាសពេញប្រទេស បារាំង ជាក្រុមមនុស្សដែលបានធ្វើតេស្តអង្គបដិប្រាណក្នុងការស្វែងរកអ្នកផ្ទុក COVID-19។
បន្ទាប់ពីអ្នកទាំងនេះបានទទួលលទ្ធផលនៃការធ្វើតេស្ត ក្រុមអ្នកវិទ្យាសាស្ត្របានសួរថា តើពួកគេជឿថា ខ្លួនពិតជាបានឆ្លង COVID-19 ឬទេ ក៏ដូចជារបាយការណ៍អំពីរោគសញ្ញា ដូចជា អត់កម្លាំង ពិបាកដកដង្ហើម ឬការថយចុះនៃសមត្ថភាពផ្ដោតអារម្មណ៍។
មនុស្សភាគច្រើន (ជាង 25,000 នាក់) មានលទ្ធផលអវិជ្ជមាននឹង COVID-19 ជឿថា ពួកគេមិនធ្លាប់ឆ្លងវីរុសនេះ។ ក្នុងចំណោមមនុស្សប្រមាណ 1,000 នាក់ដែលមានលទ្ធផលវិជ្ជមាន មាន 450 នាក់ជឿថា ពួកគេបានឆ្លងវីរុស។
ចុងក្រោយ មនុស្សជិត 460 នាក់ ដែលទទួលបានលទ្ធផលអវិជ្ជមាន បានឱ្យដឹងថា ពួកគេមិនធ្លាប់បានគិតថា ខ្លួនបានឆ្លង COVID-19 នោះទេ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមមនុស្សដែលជឿថា ពួកគេបានឆ្លង COVID-19 បើទោះជាពួកគេមានលទ្ធផលតេស្តវិជ្ជមាន ឬអវិជ្ជមានក៏ដោយ ក៏មានរបាយការណ៍ក្នុងអត្រាខ្ពស់ស្ដីពីការកើតមានរោគសញ្ញាអូសបន្លាយពេលយូរ។ ក្នុងខណៈនោះ លទ្ធផលតេស្តវិជ្ជមាន គ្រាន់តែទាក់ទិននឹងរោគសញ្ញាមួយគត់ដែលអូសបន្លាយពេលយូរ នោះគឺការបាត់បង់ឃានវិញ្ញាណ (ក្លិន)។
ដូច្នេះ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រោគសញ្ញាដែលអូសបន្លាយពេលយូរ អាចជាប់ទាក់ទងនឹងភាពច្រឡំបល់ដែលថា ខ្លួនបានឆ្លង COVID-19 ជាជាងការដែលវិជ្ជមាននឹងវីរុសនេះពិត។
លោក Cedric Lemogne ប្រធានផ្នែកជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យ Hotel-Dieu នៅទីក្រុង បារីស ប្រទេស បារាំង បានអះអាងថា ការរកឃើញនេះ ពិតជាមានសារសំខាន់ក្នុងការស្រាវជ្រាវរកមូលហេតុដទៃទៀតដែលបណ្ដាលឱ្យកើតមានរោគសញ្ញានៃជំងឺ។
យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀត នៅតែមានមន្ទិលសង្ស័យចំពោះវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ៕