ប្រភេទថ្មីចាក់ព្យាបាលជំងឺ COVID-19 ដែលមានប្រសិទ្ធភាពផ្ទាល់ដំបូងគេក្នុងពិភពលោក ត្រូវបានចុះបញ្ជិកាជាមួយស្ថាប័នរដ្ឋរុស្ស៊ី និងអាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យចាប់នាពេលឆាប់ៗខាងមុខ។
ទូរទស្សន៍ RT ដកស្រង់ប្រភពព័ត៌មានពី TASS បានឱ្យដឹងថា ក្រុមហ៊ុន Promomed Group បានចុះបញ្ជីប្រភេទថ្នាំចាក់ព្យាបាលជំងឺ COVID-19 ដំបូង នៅ រុស្ស៊ី និងជាថ្នាំចាក់ដែលមានប្រភពពីថ្នាំគ្រាប់ Favipiravir ដំបូងគេក្នុងពិភពលោក។
ថ្នាំចាក់របស់ Promomed Group ដែលមានឈ្មោះថា Areplivir នេះ គឺជាថ្នាំប្រឆាំង COVID-19 ដោយផ្ទាល់។ យោងតាមក្រុមហ៊ុន ថ្នាំចាក់ព្យាបាលជំងឺ COVID-19 របស់ពួកគេនឹងត្រៀមរួចរាល់សម្រាប់ដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យ នៅមុនដំណាច់ឆ្នាំ 2021។
បច្ចុប្បន្ន មានថ្នាំចាក់ព្យាបាលជំងឺ COVID-19 ជាច្រើនប្រភេទ កំពុងត្រូវបានក្រុមហ៊ុននានាពិសោធលើមនុស្ស ក្នុងនោះក៏មានថ្នាំ Remdesivir ផងដែរ។ ទន្ទឹមជាមួយនឹងវ៉ាក់សាំង ក្រុមអ្នកវិទ្យាសាស្ត្រមើលឃើញថា ថ្នាំព្យាបាលជំងឺកំពុងក្លាយជា «អាវុធ» មួយបន្ថែមទៀតសម្រាប់ក្រុមគ្រូពេទ្យជួរមុខនៅលើពិភពលោក៕