ស្ត្រីមានផ្ទៃពោះចំនួន 3 នាក់ដែលមានផ្ទុកវីរុស COVID-19 ត្រូវបានក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យខេត្តស្វាយរៀង ជួយសម្រាលកូនបានដោយជោគជ័យ នាព្រឹកថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។
មន្ត្រីសុខាភិបាលប្រចាំមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រីទាំង 3 រូបខាងលើ រួមមាន ទីមួយ៖ ស្ត្រីម្នាក់អាយុ 31 ឆ្នាំ ស្នាក់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, ទីពីរ៖ ស្ត្រីម្នាក់អាយុ 25 ឆ្នាំ ស្នាក់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទីបី៖ ជាស្ត្រីអាយុ 21 ឆ្នាំ ស្នាក់នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ស្ត្រីសម្រាលកូនខាងលើមានភាពល្អប្រសើរ នេះបើតាមទំព័រ Facebook របស់មន្ទីរពេទ្យខេត្តស្វាយរៀង។
មន្ទីរពេទ្យស្វាយរៀងបានជួយសម្រាលកូនជូនដល់ស្ត្រីវិជ្ជមាននឹង COVID-19 សរុបចំនួន 61 ករណីហើយ គិតមកដល់បច្ចុប្បន្ន៕