កាលពីថ្ងៃទី 5 វិច្ឆិកា កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 មួយប្រភេទទៀតដែលមានឈ្មោះថា COVAXIN សម្រាប់ប្រយុទ្ធតតាំងនឹងជំងឺឆ្លងនេះ ក្នុងលក្ខខណ្ឌបន្ទាន់។
វ៉ាក់សាំង COVAXIN នេះ គឺជាជម្រើសថ្មី និងជាអាវុធថ្មីមួយទៀតសម្រាប់ក្រុមវេជ្ជបណ្ឌិតរបស់ កម្ពុជា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយវីរុស COVID-19។
វ៉ាក់សាំងដែលត្រូវបានផលិតនៅ ប្រទេសឥណ្ឌា នេះ ត្រូវបានកំណត់ឱ្យប្រើប្រាស់សម្រាប់តែក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា វ៉ាក់សាំង Covaxin នេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឱ្យប្រើបន្ទាន់ បន្ទាប់ពីក្រុមប្រឹក្សាបច្ចេកទេស (TAG) បានស្នើឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះទៅក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវប្រើប្រាស់បន្ទាន់ កាលពីថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2021។
COVAXIN គឺជាវ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Hyderabad នៃ ប្រទេសឥណ្ឌា។