រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ប្រទេសនូវែលសេឡង់ នាថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ឱសថមួយប្រភេទទៀតត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 នៅប្រទេសនេះ ដែលនេះគឺជាដំណឹងល្អចំពោះអ្នកជំងឺ ក៏ដូចជាប្រព័ន្ធសុខាភិបាល។
លោក Andrew Little រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ប្រទេសនូវែលសេឡង់ បញ្ជាក់ថា ការិយាល័យជាតិបញ្ជាទិញឱសថ (Pharmac) ទទួលបានប្រភពផ្គត់ផ្គង់ថ្នាំ Baricitinib ដែលជាថ្នាំមានប្រសិទ្ធភាពក្នុងការប្រឆាំងវីរុស COVID-19។
Baricitinib គឺជាប្រភេទថ្នាំទី 5 ដែល Pharmac មាននៅក្នុងដៃ ខណៈដែលថ្នាំ 4 ប្រភេទផ្សេងទៀត រួមមាន remdesivir, tocilizumab, molnupiravir និង Ronapreve កំពុងត្រូវបានប្រើប្រាស់រាល់ថ្ងៃ។
ឱសថប្រភេទថ្មីដែលត្រូវបានណែនាំឱ្យប្រើសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលមានអាការធ្ងន់ធ្ងរនេះ តាមគម្រោងនឹងត្រូវបានផ្គត់ផ្គង់ដល់ Pharmac ចំនួន 500 ឈុត (មួយឈុត ព្យាបាលមួយជា) នៅក្នុងខែវិច្ឆិកានេះ។ ប្រការនេះគឺជារឿងសំខាន់ ព្រោះថា ពិភពលោកកំពុងតែខ្វះថ្នាំ tocilizumab ហើយការដែលមានថ្នាំថ្មីនឹងជួយឱ្យក្រុមវេជ្ជបណ្ឌិតមានជម្រើសបន្ថែមសម្រាប់ព្យាបាលអ្នកជំងឺ។ នេះបើតាមលោករដ្ឋមន្ត្រី។
លោក Little សង្កត់ធ្ងន់ថា ឱសថទាំង 5 ខាងលើ សុទ្ធតែមិនទាន់ត្រូវបានអាជ្ញាធរសុវត្ថិភាពវេជ្ជសាស្ត្ររបស់ នូវែលសេឡង់ (Medsafe) អនុម័តឱ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅឡើយ ប៉ុន្តែ ក្រុមវេជ្ជបណ្ឌិតអាចប្រើបានដោយយោងទៅតាមច្បាប់វេជ្ជសាស្ត្ររបស់ប្រទេសនេះ៕