សារព័ត៌មាន Reuters បានសម្ភាសជាមួយអ្នកជំនាញផ្នែកសុខាភិបាលលំដាប់កំពូលៗជាង 10 រូប និងបានដឹងថា នៅពេលដែលការរាតត្បាតរបស់វ៉ារ្យ៉ង់ Delta បានថយចុះនៅក្នុងតំបន់ជាច្រើនក្នុងពិភពលោក ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងគ្រោងគំនូសតាងបង្ហាញអំពីពេលវេលា និងទីកន្លែងដែល COVID-19 នឹងក្លាយជាជំងឺប្រភេទ endemic (រោគឆ្លងដោយតំបន់) ក្នុងឆ្នាំ 2022 និងក្រោយមកទៀត។
ឆ្នាំ 2022 ពិភពលោកអាចគ្រប់គ្រងរោគរាតត្បាតសកល COVID-19?
ក្រុមអ្នកជំនាញសង្ឃឹមថា បណ្ដាប្រទេសដំបូងៗដែលរួចពីជំងឺរាតត្បាតនឹងជាប្រទេសដែលមានការរួមផ្សំរវាងអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងសមត្ថភាពនៃប្រព័ន្ធភាពស៊ាំធម្មជាតិនៅលើអ្នកដែលបានឆ្លង COVID-19 ដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស ព័រទុយហ្គាល់ និង ឥណ្ឌា។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា COVID-19 នៅតែជាប្រភេទវីរុសដែលពិបាកឱ្យយើងស្មានត្រូវ និងកំពុងបន្តបំប្លែងខ្លួននៅពេលវាបានឆ្លងទៅក្នុងសហគមន៍ដែលមិនទាន់ចាក់វ៉ាក់សាំង។
លោកស្រី Maria Van Kerkhove អ្នកឯកទេសផ្នែករោគឆ្លង និងជាប្រធានក្រុមប្រតិកម្មនឹង COVID-19 របស់អង្គការសុខភាពពិភពលោក (WHO) យល់ថា៖ «អំឡុងពេលចាប់ពីបច្ចុប្បន្នដល់ចុងឆ្នាំ 2022 គឺជាឱកាសដែលយើងអាចគ្រប់គ្រងវីរុសនេះបាន នៅពេលយើងអាចកាត់បន្ថយបានច្រើនលើករណីជំងឺធ្ងន់ធ្ងរ និងករណីស្លាប់»។
WHO បានកំណត់គោលដៅដល់ចុងឆ្នាំ 2022 ប្រជាជនប្រមាណ 70% ក្នុងពិភពលោក បានទទួលការចាក់វ៉ាក់សាំង COVID-19។
Marc Lipsitch វេជ្ជបណ្ឌិតផ្នែករោគឆ្លងនៅសាលាវេជ្ជសាស្ត្រសាធារណៈ Harvard TH Chan នៃសាកលវិទ្យាល័យ Harvard ថ្លែងថា៖ ការប្រែប្រួលនឹងខុសគ្នាទៅតាមតំបន់ ព្រោះថា អត្រាខ្ពស់-ទាប នៃការចាក់វ៉ាក់សាំងពីតំបន់មួយ ទៅតំបន់មួយ នឹងធ្វើឱ្យករណីឆ្លង COVID-19 ក្នុងតំបន់ទាំងនោះ ត្រូវខុសគ្នា។
រោគរាតត្បាតសកលបញ្ចប់ ប៉ុន្តែ ជំងឺ COVID-19 ឆ្លងដោយតំបន់ នៅតែប្រកបដោយគ្រោះថ្នាក់
អ្នកជំនាញមួយចំនួនជឿថា រលកនៃការឆ្លងវីរុស COVID-19 ប្រភេទ Delta នៅ សហរដ្ឋអាម៉េរិក នឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ និងជាការផ្ទុះឆ្លងធំចុងក្រោយបង្អស់។
អតីតប្រធានការិយាល័យគ្រប់គ្រងអាហារនិងឱសថ (FDA) របស់ អាម៉េរិក លោក Scott Gottlieb ឱ្យដឹងថា៖ «យើងកំពុងតែស្ថិតក្នុងដំណើរប្រែប្រួលពីដំណាក់កាលជំងឺរាតត្បាតសកល មកជាដំណាក់កាលជំងឺឆ្លងដោយតំបន់ ជាទីដែលវីរុសនេះក្លាយជាការគំរាមកំហែងយូរអង្វែងនៅ សហរដ្ឋអាម៉េរិក»។
លោក Chris Murray អ្នកឯកទេសជាន់ខ្ពស់ផ្នែករោគឆ្លងនៅសាកលវិទ្យាល័យ Washington ក៏បានព្យាករដូចខាងលើ។ លោកថា៖ «បើមិនមានវីរុសបំប្លែងខ្លួនថ្មីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងកើតឡើងទៀត នោះ COVID-19 ពិតជាត្រូវបានបញ្ចប់ជាបណ្ដើរៗនៅក្នុងខែមេសា (ឆ្នាំ 2022)»។
«ជាមូលដ្ឋាន រោគរាតត្បាតសកលគឺជាស្ថានការណ៍អាសន្នដែលកំពុងស្ថិតនៅខាងក្រោយរបស់យើង» នេះបើតាម Neil Ferguson អ្នកជំនាញផ្នែករោគឆ្លងប្រចាំសាកលវិទ្យាល័យ Imperial College London នៃចក្រភពអង់គ្លេស។
អ្នកជំនាញ Van Kerkhove បញ្ជាក់ថា ប្រភេទជំងឺឆ្លងដោយតំបន់ មិនមែនមានន័យថា វាមានសភាពស្លូតនោះទេ។ ចំណែកអ្នកជំនាញមួយចំនួនផ្សេងទៀតនិយាយថា វីរុស COVID-19 ចុងក្រោយនឹងនៅតែមានវត្តមាន ហើយធ្វើសកម្មភាពដូចទៅនឹងជំងឺកញ្ជ្រឹល ជាជំងឺមួយដែលនៅតែឆ្លងរាលដាលនៅក្នុងសហគមន៍ដែលមានអត្រានៃការចាក់វ៉ាក់សាំងទាប។
មនុស្សមួយចំនួនយល់ថា COVID-19 នឹងក្លាយជាជំងឺផ្លូវដង្ហើមតាមរដូវកាលដូចជាជំងឺផ្ដាសាយ។ ឬថា COVID-19 អាចក្លាយជាវីរុសដែលបង្កការស្លាប់តិចជាងមុន និងប៉ះពាល់តែក្មេងតូច។
Travor Bedford អ្នកជំនាញខាងវីរុសសាស្ត្រនៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Fred Hutchinson ថ្លែងថា COVID-19 នឹងបន្តបំប្លែងខ្លួន ដែលនាំឱ្យយើងត្រូវការបន្តការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។ លោកថា COVID-19 នឹងក្លាយជារោគរាតត្បាតដោយតំបន់នៅឆ្នាំ 2022-2023។
លោក Richard Hatchett នាយកប្រតិបត្តិរបស់ អង្គការសម្ព័ន្ធភាពត្រៀមខ្លួនប្រឆាំងជំងឹឆ្លង (Coalition for Epidemic Preparedness Innovations/CEPI) ឱ្យដឹងថា ប្រទេសមួយចំនួនត្រូវបានការពារយ៉ាងល្អដោយវ៉ាក់សាំង តែក៏នៅមានប្រទេសជាច្រើនហាក់មិនមានទាល់តែសោះ ដូច្នេះ ពិភពលោកនៅតែងាយរងផលប៉ះពាល់ដដែល៕