ក្រសួងសុខាភិបាល នៅថ្ងៃទី 3 ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺ COVID-19 ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់។
ឱសថ Molnupiravir នេះជាប្រភេទថ្នាំគ្រាប់សម្រាប់លេប មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងវីរុស COVID-19។ Molnupiravir ផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។
ក្រសួងសុខាភិបាលបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺ COVID-19 ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល ដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល។