ក្រុមមន្ត្រីសុខាភិបាលរបស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ប្រទេសនេះអាចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Pfizer/BioNTech សម្រាប់កុមារដែលមានអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ពីថ្ងៃទី 8 វិច្ឆិកា បន្ទាប់ពីត្រូវបានអនុម័តជាចុងក្រោយរួចមក។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក បានយល់ព្រមតាមសំណើរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្ដីពីការចាក់វ៉ាក់សាំង COVID-19 របស់ Pfizer សម្រាប់កុមារអាយុពី 5 ដល់ 11 ឆ្នាំ បន្ទាប់ពីបានរកឃើញថា ផលប្រយោជន៍មានច្រើនលើសលុបបើធៀបនឹងហានិភ័យ។
មុននោះ ស្ថាប័នគ្រប់គ្រងអាហារ និងឱសថ (FDA) របស់ អាម៉េរិក បានអនុម័តឱ្យចាក់វ៉ាក់សាំង COVID-19 របស់ Pfizer/BioNTech សម្រាប់កុមារអាយុពី 5 ដល់ 11 ឆ្នាំ។ ដូច្នេះ ពេលនេះ សហរដ្ឋអាម៉េរិក អាចបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារចំនួន 28 លាននាក់នៅប្រទេសនេះ។ រដ្ឋាភិបាលអាម៉េរិក បានឱ្យដឹងថា បានទិញវ៉ាក់សាំងគ្រប់ចំនួនរួចហើយ និងកំពុងបែងចែកទៅតាមតំបន់នានានៅទូទាំងប្រទេស៕