ដើម្បីជាផ្នែកមួយជួយការពារសុខភាពប្រជាពលរដ្ឋនៅក្រៅប្រទេស ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យមន្ដ្រីជំនាញ សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំង COVID-19 ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ពលរដ្ឋដែលមានអាយុ 6 ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ 5 ឆ្នាំ នាព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងលឿនជាងការកំណត់ ក្នុងរង្វង់ 8 ខែ បន្ទាប់ពីការបើកយុទ្ធនាការដំបូង។
ដើមឡើយ យុទ្ធនាការនៃការចាក់វ៉ាក់សាំងជុំទីមួយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ 2022 ប៉ុន្តែបច្ចុប្បន្ន ការចាក់វ៉ាក់សាំងសម្រេចបានក្នុងអត្រាមួយដ៏ខ្ពស់។
យ៉ាងនេះក្ដី សម្តេចតេជោ បន្ថែមថា នៅមានប្រជាពលរដ្ឋកម្ពុជា មួយចំនួនទៀតដែលកំពុងរស់នៅក្រៅប្រទេស មិនទាន់បានទទួលការចាក់វ៉ាក់សាំង។ ប្រមុខរដ្ឋាភិបាល ជឿថា ពលរដ្ឋកម្ពុជា នៅ ប្រទេសកូរ៉េខាងត្បូង បានចាក់ 100% នៃចំនួនពលរដ្ឋរបស់កម្ពុជា ខណៈ ជប៉ុន ក៏ចាក់បាន 100% ប៉ុន្តែ នៅ ប្រទេសថៃ និង ម៉ាឡេស៊ី ប្រហែលជាអាចចាក់បានមួយចំនួនប៉ុណ្ណោះ។
ដោយសារតែប្រទេសថៃ មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដូច្នេះ កម្ពុជា មានបំណងបញ្ជូនវ៉ាក់សាំងទៅកាន់ ប្រទេសថៃ ដោយស្នើឱ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ។
យោងតាមគេហទំព័រ Ourworldindata គិតមកដល់ថ្ងៃទី 30 ខែតុលា ឆ្នាំ 2021 ការចាក់វ៉ាក់សាំង COVID-19 ប្រទេសថៃ រួមមាន៖ ពលរដ្ឋប្រមាណជាង 42% បានចាក់រួចរាល់ ខណៈជាង 17% បានចាក់យ៉ាងតិច 1 ដូស។ ដូច្នេះ ប្រទេសថៃ ទើបតែចាក់វ៉ាក់សាំងបានប្រមាណ 59% ប៉ុណ្ណោះ ធៀបនឹងគោលដៅសរុប៕