ក្រុមហ៊ុន Moderna បានឱ្យដឹងថា អាជ្ញាធរ សហរដ្ឋអាម៉េរិក ពន្យារពេលការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់វាយតម្លៃបន្ថែម។
ការិយាល័យគ្រប់គ្រងអាហារ និងឱសថ (FDA) របស់ សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី 29 វិច្ឆិកា បាន «ប្រកាសឱ្យ Moderna ដឹងថា ពួកគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃលើការវិភាគលក្ខណៈអន្តរជាតិនានាស្ដីពីហានិភ័យនៃបញ្ហារលាកសាច់ដុំបេះដូងបន្ទាប់ពីបានចាក់វ៉ាក់សាំង»។ នេះបើតាមក្រុមហ៊ុនផលិតឱសថ Moderna បានឱ្យដឹងនៅក្នុងប្រកាសកាលពីថ្ងៃទី 31 តុលា។
Moderna ឱ្យដឹងថា ដំណើរការនៃការវាយតម្លៃរបស់ FDA ស្ដីពីការដែលថា គួរតែលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដល់ក្មេងដែលមានវ័យចាប់ពី 12 ឆ្នាំ ដល់ 17 ឆ្នាំដែរ ឬអត់ នោះអាចអូសបន្លាយពេលដល់ខែមករា ឆ្នាំ 2022។
បញ្ហារលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងខាងក្រៅគឺជារោគសញ្ញាដ៏កម្រ ទាក់ទងនឹងវ៉ាក់សាំងបង្ការ COVID-19 របស់ Pfizer និង Moderna ដែលកើតឡើងនៅលើក្មេងប្រុស និងបុរសវ័យក្មេង។
ក៏ប៉ុន្តែ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ហានិភ័យនៃការកើតអាការខាងលើគឺខ្ពស់ជាងធម្មតា បន្ទាប់ពីឆ្លង COVID-19។ CDC អាម៉េរិក បញ្ជាក់ថា «បញ្ហារលាកសាច់ដុំបេះដូងបន្ទាប់ពីបានចាក់វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA គឺកម្រកើតមាន ហើយវាមានលក្ខណៈស្រាល»។
សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 29 ខែតុលា បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ Pfizer-BioNTech សម្រាប់ចាក់ឱ្យកុមារអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ដោយបរិមាណទាបជាង ធៀបនឹងការចាក់ឱ្យមនុស្សពេញវ័យ។ មុននោះ Moderna ក៏បានដាក់ពាក្យទៅកាន់ FDA ដើម្បីសុំច្បាប់ចាក់វ៉ាក់សាំងដល់ក្មេងអាយុក្រោម 18 ឆ្នាំផងដែរ៕