ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជុំទីមួយ សម្រាប់ពលរដ្ឋអាយុចាប់ពី 6 ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារដែលមានអាយុ 5 ឆ្នាំ នៅឯទីស្តីការគណ:រដ្ឋមន្ត្រី។
ព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 ខាងលើនេះ គឺជាការបង្ហាញនូវជោគជ័យរបស់ កម្ពុជា លើគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 រហូតមកដល់បច្ចុប្បន្ន ដោយប្រើប្រាស់វ៉ាក់សាំងជាជំនួយរបស់អង្គការ និងរដ្ឋាភិបាលនានា រួមនឹងវ៉ាក់សាំងដែល កម្ពុជា បានទិញពីប្រទេសចិន។
គិតត្រឹមថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 រដ្ឋាភិបាលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ ពី 6 ឆ្នាំឡើង បានចំនួនជិត 13,709,000 នាក់ ស្មើនឹងជាង 85.68% ធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់។ ក្នុងនោះ ពលរដ្ឋដែលបានចាក់ពីរដូស មានចំនួនជាង 13 លាននាក់ ខណៈអ្នកចាក់ដូសទី 3 មានជិត 2 លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
នៅក្នុងចំណោមប្រជាជនចំនួនជិត 13,709,000 នាក់ដែលបានទទួលការចាក់វ៉ាក់សាំង រួមមាន ទីមួយ៖ 10,000,088 នាក់ ជាពលរដ្ឋពេញវ័យ, 1,788,802 នាក់ ជាពលរដ្ឋដែលមានអាយុចាប់ពី 12 ដល់ក្រោម 17 ឆ្នាំ និង 1,920,599 នាក់ ជាពលរដ្ឋដែលមានអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12។