សហរដ្ឋអាម៉េរិក បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ Pfizer សម្រាប់ចាក់ដល់ក្មេងដែលមានអាយុពី 5 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពីក្រុមអ្នកជំនាញអះអាងថា ផលប្រយោជន៍មានច្រើនលើសលុប ធៀបនឹងហានិភ័យ។
ការសម្រេចខាងលើដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី 29 តុលា បានបើកផ្លូវឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ក្មេងចំនួន 28 លាននាក់នៅប្រទេសនេះ។ ក្រៅពី សហរដ្ឋអាម៉េរិក កន្លងមកក៏មានប្រទេសជាច្រើនបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុប្រហាក់ប្រហែលនេះដែរ មានដូចជា កម្ពុជា ស៊ីលី គុយបា ចិន និង អេមីរ៉ាតអារ៉ាប់រួម។
ក្រុមហ៊ុនឱសថ Pfizer និងដៃគូសហការ BioNTech សប្ដាហ៍នេះបានប្រកាសថា រដ្ឋាភិបាលអាម៉េរិក បានទិញវ៉ាក់សាំង Comirnaty ចំនួន 50 លានដូសពីក្រុមហ៊ុននេះ សម្រាប់ចាក់ឱ្យក្មេងៗ ក្នុងនោះរួមទាំងកុមារអាយុក្រោម 5 ឆ្នាំផងដែរ។
ក្រុមអ្នកជំនាញកំពុងសិក្សាអំពីសុវត្ថិភាពរបស់វ៉ាក់សាំង Pfizer នៅលើក្មេងចំនួន 3,000 នាក់ ប៉ុន្តែ មិនបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរណាមួយនោះទេ។ កុមារអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវបានចាក់វ៉ាក់សាំង Pfizer ចំនួន 2 ដូស ដែលមានគម្លាតពីគ្នា 3 សប្ដាហ៍ ដោយបរិមាណ 10 microgram ដែលស្មើនឹង 1/3 ធៀបនឹងបរិមាណវ៉ាក់សាំងដែលចាក់ឱ្យក្រុមមនុស្សដែលមានអាយុច្រើនជាងនេះ៕