«ស្ត្រីត្រៀមយកបុត្រ អាចចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 បាន និងមិនមានប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ តែផ្ទុយទៅវិញសិរីរាង្គអាចបង្កើតអង់ទីករការពារខ្លួន» នេះបើតាមសម្ដីរបស់ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19។
ប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស នេះ ត្រូវបានលើកឡើងនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 នេះ។
អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះក៏បានឱ្យដឹងដែរថា ការចាក់វ៉ាក់សាំងដល់ស្ត្រីមានផ្ទៃពោះ ក៏គួរតែត្រូវបានធ្វើឡើង ដោយសារតែផលប្រយោជន៍ធំជាងហានិភ័យ។
ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA បានបង្ហាញខ្លួនក្នុងទីផ្សារ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ មានអង្គបដិប្រាណកើតឡើងបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង ហើយអង្គបដិប្រាណទាំងនេះពិតជាត្រូវបាននាំចូលទៅតាមគ្រាប់ឈាមក្នុងទងសុក និងទឹកដោះម្ដាយ។ ប្រការនេះមានន័យថា ការចាក់វា់ក់សាំងមិនត្រឹមតែជួយការពារសុខភាពអ្នកម្ដាយនោះទេ តែក៏ជួយការពារទារកក្នុងផ្ទៃផងដែរ៕