ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ជាមួយនឹងអ្នកស្លាប់ជិត 50,000 នាក់ជារៀងរាល់សប្ដាហ៍ដោយសារតែឆ្លង COVID-19 នៅទូទាំងពិភពលោក ជំងឺរាតត្បាតនេះ នឹង «នៅយូរទៀត ទើបអាចបញ្ចប់»។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅ រដ្ឋធានីប៊ែកឡាំង កាលពីចុងសប្ដាហ៍មុនថា មហារោគរាតត្បាត COVID-19 នឹងចប់ «នៅពេលពិភពលោកជ្រើសរើសការបញ្ចប់»។
«ប្រការនោះស្ថិតក្នុងដៃរបស់យើង។ យើងមានគ្រប់មធ្យោបាយដែលត្រូវការ ប៉ុន្តែ ពិភពលោកមិនបានប្រើប្រាស់មធ្យោបាយទាំងនោះឱ្យបានល្អ» លោក Tedros ថ្លែងដូច្នេះ និងបញ្ជាក់ថា ជំងឺរាតត្បាតនេះនៅអូសបន្លាយពេលយូរទៀត ខណៈករណីស្លាប់ដោយសារ COVID-19 នៅតែកើនឡើង ដោយស្លាប់ប្រហែល 50,000 នាក់ក្នុងមួយសប្ដាហ៍។
គិតមកដល់បច្ចុប្បន្ន ពិភពលោកមានអ្នកឆ្លង COVID-19 សរុបជាង 244,429,000 នាក់ និងស្លាប់សរុបជាង 4,963,760 នាក់ ស្របពេលដែលមនុស្សជាង 17,996,380 នាក់ កំពុងព្យាបាលជំងឺនេះ ក្នុងនោះ ទ្វីបអឺរ៉ុប បច្ចុប្បន្នគឺជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេ៕