(ភ្នំពេញ)- កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួនជាង 12 ម៉ឺនដូស បន្ថែមទៀត កាលពីល្ងាចថ្ងៃទី 22 តុលា 2021។
រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ យក់ សម្បត្តិ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងនេះ មានប្រសាសន៍ថា វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន 124,700 ដូស ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបានេះគឺ តាមរយៈយន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក។
លោកជំទាវ យក់ សម្បត្តិ ក៏បានសម្តែងការអរគុណចំពោះ រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក ដែលបានផ្តល់ជំនួយជាវ៉ាក់សាំង ដល់ កម្ពុជា។
បច្ចុប្បន្ន កម្ពុជាបាន និងកំពុងប្រើប្រាស់វ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ច្រើនជាងគេ ក្នុងចំណោមប្រភេទវ៉ាក់សាំងដែលកំពុងត្រូវបានយកទៅចាក់ជូនដល់ប្រជាពលរដ្ឋ។
គិតត្រឹមយប់ថ្ងៃទី 22 តុលា ឆ្នាំ 2021 កំណើនអត្រានៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅ កម្ពុជា រួមមាន៖
- ពលរដ្ឋពេញវ័យ ចាក់បាន 99.71% ធៀបនឹងចំនួនប្រជាជនគោលដៅ 10 លាននាក់។
- កុមារ-យុវវ័យអាយុពី 12 ឆ្នាំទៅក្រោម 18 ឆ្នាំ ចាក់បាន 90.59% ធៀបជាមួយចំនួនប្រជាជនគោលដៅ ជិត 2 លាននាក់។
- កុមារអាយុពី 6 ឆ្នាំដល់ក្រោម 12 ឆ្នាំ ចាក់បានជាង 100% ធៀបជាមួយនឹងប្រជាជនគោលដៅជិត 1.9 លាននាក់។