ក្នុងរយៈពេលប្រមាណ 2 សប្តាហ៍ទៅមុខទៀត កម្ពុជានឹងសម្រេចគោលដៅនៃការចាក់វ៉ាក់សាំង COVID-19 ដល់ក្រុមពលរដ្ឋអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដែលមានចំនួន 10 លាននាក់ ពោលគឺស្មើនឹង 100% នៃផែនការ ក្នុងករណីប្រជាពលរដ្ឋនៅតែបន្តទៅទទួលការចាក់វ៉ាក់សាំង រង្វង់ពី 3,000 នាក់ ទៅ 4,000 នាក់ ជារៀងរាល់ថ្ងៃ។
ខាងលើនេះគឺជាប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានថ្លែងនៅក្នុងឱកាសចុះបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅខេត្តកំពត កាលពីរសៀលថ្ងៃទី 21 ខែតុលា ឆ្នាំ 2021។
លោកជំទាវ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមថា តួលេខពលរដ្ឋពេញវ័យខាងលើ មិនបានរាប់បញ្ចូលពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេស ឬពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន រួមនឹងពលរដ្ឋដែលទើបតែបានជាពីជំងឺ COVID-19 នោះទេ។
គិតមកដល់បច្ចុប្បន្ន នៅមានពលរដ្ឋពេញវ័យប្រមាណតែ 4 ម៉ឺននាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង COVID-19។ ដូច្នេះ យុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានវ័យចាប់ពី 18 ឆ្នាំឡើងទៅ នឹងឈានដល់ដំណាក់កាលបិទបញ្ចប់នៅពេលដ៏ខ្លីខាងមុខ។
ការចាក់វ៉ាក់សាំងនៅ កម្ពុជា គិតត្រឹមថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 មានដូចតទៅ៖
1-សម្រាប់ក្រុមពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ៖ ដូសទីមួយ ចាក់បានចំនួន 9,967,039 នាក់ និង ដូសទីពី ចាក់បានចំនួន 9,617,661 នាក់ ដែលស្មើនឹង 99.67% ធៀបនឹងប្រជាជនគោលដៅសរុប 10 លាននាក់។
2-សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី 12 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ៖ ដូសទីមួយ ចាក់បានចំនួន 1,780,707 នាក់ និង ដូសទីពីរ ចាក់បានចំនួន 1,686,181 នាក់ ដែលស្មើនឹង 90.53% ធៀបនឹងក្រុមគោលដៅសរុបជិត 2 លាននាក់។
3-សម្រាប់ក្រុមកុមារ អាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ៖ ដូសទីមួយ ចាក់បានចំនួន 1,895,669 នាក់ និង ដូសទីពីរ ចាក់បានចំនួន 1,598,420 នាក់ ដែលស្មើនឹង 99.91% ធៀបនឹងក្រុមគោលដៅសរុបជិត 1.9 លាននាក់។