នាព្រឹកថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នៅវិមានសន្តិភាព គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន។
របៀបវារៈសំខាន់ៗនៃសម័យប្រជុំពេញអង្គនេះរួមមាន៖
1- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ 2022។
2- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២។
3- បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
នៅក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លង COVID-19 នឹងមិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ៕