អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា មហារោគរាតត្បាត COVID-19 នឹងបន្តអូសបន្លាយពេលរហូតដល់ឆ្នាំក្រោយ ដោយសារតែបណ្ដាប្រទេសក្រីក្រមិនទទួលបានវ៉ាក់សាំងក្នុងបរិមាណដែលចាំបាច់។
«យើងកំពុងដើរខុសទិសដៅ។ យើងពិតជាត្រូវការជំរុញល្បឿននៃយុទ្ធនាការបែងចែកវ៉ាក់សាំង មិនដូច្នេះទេ ជំងឺរាតត្បាតនឹងបន្តកើតឡើងមួយឆ្នាំទៀត» វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សានៃប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី 20 តុលា បានព្រមានអំពីការដែល COVID-19 អាចបន្តអូសបន្លាយពេលយូរជាងនេះ។
ការព្រមាននេះត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលបណ្ដាប្រទេសក្រីក្រមិនទាន់ទទួលបានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់តាមការចាំបាច់របស់ពួកគេ។ ប្រជាជននៅក្នុង ទ្វីបអាហ្វ្រិក មិនដល់ 5% នៅឡើយដែលបានទទួលការចាក់វ៉ាក់សាំង ខណៈដែលអត្រានេះនៅក្នុងបណ្ដាទ្វីបផ្សេងៗ មានចំនួនចាប់ពី 40% ឡើងទៅ។
បណ្ឌិត Aylward បានអំពាវនាវដល់បណ្ដាប្រទេសអ្នកមាន ទុកលទ្ធភាពឱ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង អាចផ្ដល់អាទិភាពនៃការបញ្ជាទិញវ៉ាក់សាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប។
បណ្ដាប្រទេសអភិវឌ្ឍ គួរស្រង់ស្ថិតិឡើងវិញដើម្បីឱ្យដឹងថា ពួកគេកំពុងអនុវត្តដល់ណាហើយទាក់ទងនឹងការសន្យាស្ដីពីការផ្ដល់ជំនួយជាវ៉ាក់សាំងដល់ពិភពលោក ដែលពួកគេបានលើកឡើងនៅក្នុងសន្និសីទកំពូលនានា ដូចជា G7 នៅ St Eives នៃ ប្រទេសអង់គ្លេស។
People’s Vaccine ដែលជាសម្ព័ន្ធអង្គការមនុស្សធម៌មួយ បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន វ៉ាក់សាំងចំនួនត្រឹមតែ 1/7 ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅដល់បណ្ដាប្រទេសក្រីក្រ នៅក្នុងចំណោមវ៉ាក់សាំងដែលបណ្ដាក្រុមហ៊ុនឱសថ និងបណ្ដាប្រទេសអ្នកមានបានសន្យាផ្ដល់ឱ្យ។
វ៉ាក់សាំងភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងបណ្ដាប្រទេសដែលមានចំណូលខ្ពស់ ឬមធ្យម ខណៈដែលវ៉ាក់សាំងដែលត្រូវបានបញ្ជូនទៅដល់ ទ្វីបអាហ្វ្រិក មានត្រឹមតែ 2.6% ប៉ុណ្ណោះ ធៀបនឹងពិភពលោកទាំងមូល។
គំនិតផ្ដួចផ្ដើមដែលហៅថា COVAX ត្រូវបានបង្កើតឡើងដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងដោយស្មើភាពគ្នានឹងបណ្ដាប្រទេសអ្នកមាន។ COVAX ដំបូងឡើយបានកំណត់គោលដៅផ្គត់ផ្គង់វ៉ាក់សាំងឱ្យបាន 2 ពាន់លានដូសក្នុងឆ្នាំ 2021 ប៉ុន្តែ មកដល់បច្ចុប្បន្ន ទើបតែផ្គត់ផ្គង់បាន 371 លានដូសបណ្ណោះ៕