(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ បានចេញសេចក្តីសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងសកម្មភាពមុខរបរក្លឹបកម្សាន្ត ខារ៉ាអូខ រង្គសាល ឌីស្កូតក បៀហ្គាឌិន និងហាងម៉ាស្សា រយៈពេល 2 សបា្តហ៍បន្ថែមទៀត រាប់ចាប់ពីថ្ងៃទី 20 ខែតុលា ដល់ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2021 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ដ ក៏ផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងនៅទូទាំងខេត្តនេះ។
ជាងនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏ផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ និងការប្រមូលផ្តុំ ឬការជួបជុំគ្នាច្រៀង ឬរាំកម្សាន្ដផងដែរ។