ការបង្កកំណើតក្នុងមន្ទីរពិសោធន៍ ឬឧបករណ៍វិទ្យាសាស្ត្រ ដោយប្រើប្រាស់វិធីសាស្ត្រ IVF ដែលគេអាចហៅបានថា «ការបង្កកំណើតដោយវិធីពាក់កណ្ដាលវិទ្យាសាស្ត្រ» ច្រើនធ្វើឡើងនៅពេលស្ត្រីមានជំងឺប្រចាំកាយ ឬក្រោយការព្យាបាលជំងឺហើយនាំឱ្យស្ត្រីបាត់បង់សមត្ថភាពបន្តពូជ ឬមួយស្ត្រីអស់រដូវនៅពេលឈានដល់វ័យចំណាស់។
ស្ត្រីមួយចំនួនដែលជួបបញ្ហាខាងលើ ប៉ុន្តែនៅតែចង់មានផ្ទៃពោះគឺត្រូវជ្រើសរើសវិធីសាស្ត្រ IVF (In Vitro Fertilization) ដោយត្រូវឆ្លងកាត់ដំណាក់កាលបង្កកពងមេជីវិតញី ដើម្បីទុកសម្រាប់បង្កកំណើតជាមួយមេជីវិតឈ្មោល នៅពេលណាដែលសមស្រប។
វដ្តនៃការបង្កកំណើតដោយវិធីសាស្ត្រ IVF ដែលចាប់ផ្តើមពីការបង្កកពងមេជីវិតញី មានដូចខាងក្រោម៖
1– ពងមេជីវិតញីដែលត្រូវបានយកមកបង្កកទុក នឹងត្រូវយកទៅរំលាយឱ្យត្រលប់ទៅរកសភាពដើម
2– ពងដែលអ្នកជំនាញយល់ថាអាចប្រើបាន និងត្រូវយកទៅបង្កកំណើតជាមួយមេជីវិតឈ្មោល
3– ពងមេជីវិតញី ក្រោយពីត្រូវបានរំលាយឱ្យត្រលប់ទៅរកសភាពដើម ហើយបានបង្កកំណើតដោយជោគជ័យនឹងចាប់ផ្តើមវិវឌ្ឍទៅជាអំប្រ៊ីយ៉ុង (embryo)
4– ក្នុងចំណោមអំប្រ៊ីយ៉ុងទាំងអស់អាចមានមួយទៅពីរ ឬអាចបី (សម្រាប់មនុស្សស្រីដែលមានអាយុច្រើនជាង 40 ឆ្នាំ) នឹងត្រូវបានបញ្ចូលទៅក្នុងស្បូន ដើម្បីចាប់ផ្ដើមដំណាក់កាលរីកចម្រើនទៅតាមលក្ខណៈធម្មជាតិ។