កាលពីថ្ងៃទី 18 តុលា អនុប្រធានាធិបតីនៃ ប្រទេសអេក្វាទ័រ លោក Alfredo Borrero ប្រកាសចាប់ផ្ដើមជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារដែលមានអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ក្នុងគ្រាដែលស្ថានភាពជំងឺរាតត្បាតនេះនៅតែមានភាពស្មុគស្មាញ។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង លោក Borrero អះអាងថា នឹងសម្រេចជាស្ថាពរនូវយុទ្ធនាការបង្កើតភាពស៊ាំក្នុងសហគមន៍ និងជំរុញសង្គមឱ្យត្រលប់មករកសភាពដើមវិញ ទៅតាមជំហាន។ ទន្ទឹមនឹងនេះ ការចាក់វ៉ាក់សាំងដល់កុមារនឹងជួយឱ្យពួកគេត្រលប់ចូលសាលារៀនវិញប្រកបដោយសុវត្ថិភាព។
យោងតាមក្រុមមន្ត្រីសុខាភិបាល ក្រុមកុមារដែលមានអាយុ 5 ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំង Pfizer របស់ សហរដ្ឋអាម៉េរិក ក្នុងលក្ខខណ្ឌ «បានចាក់វ៉ាក់សាំងការពារជំងឺដទៃរួចរាល់»។ ចំណែកកុមារដែលមានអាយុចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវចាក់វ៉ាក់សាំងចិន Sinovac។
នៅ ប្រទេសអេក្វាទ័រ កុមារដែលមានអាយុចាប់ពី 5 ដល់ 11 ឆ្នាំ មានចំនួន 13% ធៀបនឹងចំនួនប្រជាជនសរុប 17.7 លាននាក់។ មកដល់បច្ចុប្បន្ន ពលរដ្ឋប្រហែល 10 លាននាក់របស់ប្រទេសនៅ ទ្វីបអាម៉េរិកខាងត្បូងមួយនេះ បានទទួលការចាក់វ៉ាក់សាំង COVID-19 រួចរាល់។ អាក្វាទ័រ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេនៅតំបន់ អាម៉េរិកឡាទីន។ ប្រទេសប្រេស៊ីល ប៉េរូ, កូឡុំប៊ី អាហ្សង់ទីន និង ស៊ីលី ក៏សុទ្ធតែជាប្រទេសដែលមានអត្រានៃការស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេនៅតំបន់ខាងលើ៕