ប្រទេសគុយបា កំពុងតែវាយតម្លៃលើលទ្ធភាពនៃការពិសោធវ៉ាក់សាំងប្រឆាំង COVID-19 នៅលើកុមារដែលមានអាយុក្រោម 2 ឆ្នាំ ក្រោយពីបានទទួលលទ្ធផលល្អពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនាពេលកន្លង។
Eduardo Martinez ប្រធានក្រុមហ៊ុនឱសថជីវសាស្ត្រជាតិរបស់ប្រទេសគុយបា (BioCubaFarma) កាលពីសប្ដាហ៍មុនបានឱ្យដឹងថា ក្រុមមន្ត្រីកំពុងពិនិត្យ ពិចារណាអំពីការពិសោធលើកុមារអាយុក្រោម 2 ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងស្រុក ព្រោះតែកម្រិតសុវត្ថិភាពខ្ពស់ត្រូវបានបញ្ជាក់រួចហើយនៅក្នុងការពិសោធកន្លងមក ក៏ដូចជានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។
សារព័ត៌មានក្នុងស្រុក Prensa Latina បានរាយការណ៍ថា គុយបា គឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានចាក់វ៉ាក់សាំង COVID-19 ដល់កុមារដែលមានអាយុចាប់ពី 2-18 ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ 2 ដូស Soberana 02 និងប្រភេទ 1 ដូស Soberana Plus ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Vaccine Finlay ជាមួយនឹងប្រសិទ្ធភាព 91.2%។ លទ្ធផលនៃការស្រាវជ្រាវលើការចាក់វ៉ាក់សាំងដល់កុមារ នឹងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងឱសថ និងសម្ភារៈសុខាភិបាលជាតិ (CECMED) ដើម្បីវាយតម្លៃនាពេលឆាប់ៗខាងមុខ។
លោក Martinez ឱ្យដឹងថា កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី 2 ដល់ 18 ឆ្នាំ បានទទួលការចាក់វ៉ាក់សាំង Soberana 02 យ៉ាងតិច 1 ដូស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jose Angel Portal Miranda បញ្ជាក់ថា តួលេខនេះស្មើនឹង 92% នៃចំនួនកុមារ និងក្មេងជំទង់សរុបនៅប្រទេសនេះ ខណៈ 8% ទៀតគឺជាកុមារអាយុក្រោម 2 ឆ្នាំ។ រដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថា គុយបា នឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបើកដំណើរការសាលារៀនដែលបង្រៀនដោយផ្ទាល់ឡើងវិញ នៅពេលសិស្សានុសិស្សបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា នៅក្នុងខែវិច្ឆិកា។
គុយបា គឺជាប្រទេសដំបូងគេនៅ អាម៉េរិកឡាទិន ដែលបានអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយប្រើប្រាស់បច្ចេកវិទ្យាបណ្តុំប្រូតេអ៊ីន ដែលជាវ៉ាក់សាំងមិនទាមទារឱ្យរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ដែលផ្ទុយពីវ៉ាក់សាំងបច្ចេកវិទ្យា mRNA ដែលប្រើប្រាស់កំណែចម្លងរបស់ម៉ូលេគុល RNA ព័ត៌មាន ដើម្បីបង្កើតភាពស៊ាំក្នុងរាងកាយ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់រួចហើយ៕