(អាហ្សង់ទីន)-កាលពីថ្ងៃទី 12 តុលា រដ្ឋាភិបាលប្រទេសអាហ្សង់ទីន បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពីត្រូវបានអគ្គនាយកដ្ឋានគ្រប់គ្រងឱសថ ស្បៀងអាហារ និងបច្ចេកវិទ្យាសុខាភិបាល (ANMAT) ផ្ដល់ការអនុម័តកាលពីដើមខែនេះ។
ប្រភពព័ត៌មានពីរដ្ឋធានី ប៊ុយណូស៊ែ (Buenos Aires) ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Carla Vizzotii បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារ ត្រូវបានធ្វើឡើងក្នុងពេលតែមួយនៅទូទាំងប្រទេស ហើយនេះនឹងក្លាយជាមូលដ្ឋានដើម្បីឱ្យ អាហ្សង់ទីន ឆ្ពោះទៅសម្រេចគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅចុងឆ្នាំ 2021។
ដើម្បីអនុវត្តផែនការនេះ រដ្ឋាភិបាលអាហ្សង់ទីន បានបែងចែកវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ជាង 2 លានដូស ទៅឱ្យតំបន់នៅមូលដ្ឋាន។ ក្រៅពីនេះ អាហ្សង់ទីន ក៏នៅមានវ៉ាក់សាំងប្រភេទនេះជាង 9 លានដូសទៀត សម្រាប់ចាក់ឱ្យកុមារ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏បែងចែកវ៉ាក់សាំងរបស់ Pfizer ចំនួន 1.6 លានដូស ដើម្បីបន្តយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ដែលមានវ័យចាប់ពី 12 ឆ្នាំឡើងទៅផងដែរ។
យោងតាមទិន្នន័យផ្លូវការ បច្ចុប្បន្នប្រជាជនរបស់ អាហ្សង់ទីន ប្រមាណ 23.9 លាននាក់ ស្មើនឹង 52% នៃប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ និង 30.1 លាននាក់ ស្មើនឹង 66% នៃប្រជាជនសរុប បានចាក់យ៉ាងតិច 1 ដូស។
ប្រទេសអាហ្សង់ទីន មានអ្នកឆ្លងវីរុស COVID-19 សរុបជាង 5.2 លាននាក់ ក្នុងនោះមាន 115,491 នាក់ បានស្លាប់។ ប៉ុន្តែ ប៉ុន្មានខែកន្លងមកនេះ តួលេខនៃការឆ្លងវីរុស បានថយចុះគួរឱ្យកត់សម្គាល់ ដោយមានជាមធ្យម 1,000 នាក់/ថ្ងៃ៕