ប្រទេសរុស្ស៊ី នឹងធ្វើការពិសោធវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V ប្រភេទបាញ់ចូលតាមរន្ធច្រមុះ នៅលើអ្នកស្ម័គ្រចិត្តពេញវ័យ ដើម្បីរួមចំណែកគ្រប់គ្រងករណីឆ្លង និងស្លាប់ដោយសារវីរុសនេះ។
យោងតាមឯកសារចុះបញ្ជីដែលបានប្រកាសកាលពីថ្ងៃទី 12 តុលា វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V ប្រភេទបាញ់ច្រមុះនឹងត្រូវបានពិសោធជាពីរដូស នៅលើអ្នកស្ម័គ្រចិត្តពេញវ័យ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង St. Petersburg។ ឯកសារនេះមិនបានបង្ហើបឱ្យដឹងអំពីពេលវេលានៃការពិសោធនេះនោះទេ។
ប្រទេសរុស្ស៊ី បានចាប់ផ្ដើមអភិវឌ្ឍវ៉ាក់សាំង Sputnik V យ៉ាងឆាប់រហ័ស បន្ទាប់ពី COVID-19 ផ្ដើមផ្ទុះឆ្លងរាលដាលកាលពីឆ្នាំមុន ប៉ុន្តែ យុទ្ធនាការនៃការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងយឺតៗ ដោយសារតែពលរដ្ឋប្រទេសនេះមានការរារែកចំពោះផលិតផលសុខាភិបាលថ្មី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី 12 តុលា បានឱ្យដឹងថា៖ «ការចាក់វ៉ាក់សាំង ជួយការពារពលរដ្ឋពីការឆ្លងជំងឺ និងរោគសញ្ញាធ្ងន់ធ្ងរ។ យើងត្រូវការបង្កើនល្បឿននៃការចាក់វ៉ាក់សាំង»។
រុស្ស៊ី គឺជាសម្បុកវីរុស COVID-19 ធំជាងគេលំដាប់ទី 5 ក្នុងពិភពលោក ដោយមានអ្នកឆ្លងសរុបជាង 7.8 លាននាក់ និងស្លាប់ជាង 218,000 នាក់៕