ថ្លើមគឺជាសរីរាង្គដ៏សំខាន់ និងមានទម្ងន់ធ្ងន់ជាងគេបង្អស់នៅក្នុងរាងកាយមនុស្ស ដែលធ្វើសកម្មភាពដូចទៅនឹងរោងចក្រដ៏មមាញឹក ជួយបន្សាបជាតិពុល សំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ល។
ថ្លើមមានទម្ងន់ប្រហែល 1.4 គីឡូក្រាម និងដំណើរការ 24 ម៉ោងជារៀងរាល់ថ្ងៃ។ វាគឺជាសរីរាង្គដែលមានសារសំខាន់បំផុតមួយនៅក្នុងរាងកាយ។ រចនាសម្ព័ន្ធរបស់វា ធ្វើសកម្មភាពដូចទៅនឹងឃ្លាំង រោងចក្រផលិត និងកែច្នៃ។ មុខងារនីមួយៗ មានទំនាក់ទំនងជាមួយនឹងភារកិច្ចបន្ទាប់បន្សំសំខាន់ៗជាច្រើន ហើយបើសិនជាវាបាត់ខ្លួន រាងកាយរបស់យើងនឹងលែងដំណើរការ។
តួនាទីមួយក្នុងចំណោមតួនាទីចម្បងៗរបស់ថ្លើមគឺការលាងឈាម។ ថ្លើមទទួលឈាមពីពីរប្រភព៖ សរសៃឈាមអាទែ (artery) និងសរសៃឈាមវ៉ែន (vein)។ សរសៃអាទែរបស់ថ្លើមទទួលឈាមពីបេះដូង ខណៈដែលសរសៃវ៉ែនរបស់ថ្លើមទទួលឈាមពីប្រព័ន្ធពោះវៀន។ ដំណើរការទាំងពីរខាងលើនេះ នាំសារជាតិបំប៉នដល់ថ្លើម ហើយក្រោយមកនឹងត្រូវបានបែងជាប្រភេទ ចាត់ចែង និងរក្សាទុក ដោយមានជំនួយពី «រោងចក្រកែច្នៃ» ល្អិតៗចំនួនរាប់ពាន់ ដែលត្រូវបានគេហៅថា Lobule។
ប្រភពទាំងពីរនេះក៏ផ្គត់ផ្គង់អុកស៊ីសែនដែលថ្លើមត្រូវការដើម្បីធ្វើសកម្មភាព។ ឈាមដែលបានមកពីប្រព័ន្ធពោះវៀន ផ្ទុក កាបូអ៊ីដ្រាត, ជាតិខ្លាញ់, វីតាមីន និងជាតិបំប៉នដទៃទៀតដែលត្រូវបានស្រូបពីអាហារដែលអ្នកហូប។ ទាំងនេះត្រូវបាន «កែច្នៃ» ទៅតាមវិធីផ្សេង។ ចំពោះ កាបូអ៊ីដ្រាត ថ្លើមនឹងកម្ទេចវា ហើយបំប្លែងទៅជាស្ករដើម្បីឱ្យរាងកាយប្រើប្រាស់ជាថាមពល នៅពេលឈាមត្រូវបានលាងជាថ្មី។
ពេលខ្លះ រាងកាយមានសារជាតិបំប៉នច្រើនហួស និងមិនត្រូវការប្រើភ្លាមៗ ដូច្នេះ ថ្លើមនឹងរក្សាវាទុក ដោយដាក់វាទៅក្នុង «ឃ្លាំង»។ ផ្នែកនេះដំណើរការដូចទៅនឹងផ្ទះបាយ ដែលអាចផ្គត់ផ្គង់សារជាតិបំប៉នដល់រាងកាយ នៅពេលចាំបាច់។
ប៉ុន្តែ ឈាមដែលរត់ចូលទៅកាន់ថ្លើម មិនមែនពេលណាក៏នាំរបស់ល្អៗមកជាមួយនោះដែរ។ វាក៏មានផ្ទុកជាតិពុល និងផលិតផលគ្មានប្រយោជន៍ ដែលរាងកាយមិនអាចប្រើប្រាស់បាន។ ថ្លើមគ្រប់គ្រងរបស់ទាំងនេះយ៉ាងម៉ត់ចត់។ នៅពេលរកឃើញជាតិពុល ឬរបស់គ្មានប្រយោជន៍ ថ្លើមនឹងបំប្លែងវាទៅជាផលិតផលដែលមិនអាចបង្កគ្រោះថ្នាក់ដល់រាងកាយ ឬចាប់យកវាបោះចោល ដោយវិធីសាស្ត្របញ្ជូនវាទៅកាន់តម្រងនោម និងពោះវៀនដើម្បីបញ្ចេញវាមកក្រៅ។
យ៉ាងនេះក្ដី ថ្លើមនឹងមិនត្រូវបានគេចាត់ទុកជារោងចក្រមួយនោះទេ បើសិនជាវាពុំមានសកម្មភាពផលិត។ ថ្លើមផលិតរបស់គ្រប់យ៉ាង តាំងពីប្រូតេអ៊ីនប្លាស្មា (Blood proteins/plasma proteins) ដឹកជញ្ជូនអាស៊ីតខ្លាញ់ និងជួយបង្កើតដុំឈាមកក រហូតដល់ កូលេស្តេរ៉ុល ជួយឱ្យរាងកាយបង្កើត អ័រម៉ូន។ វាក៏បង្កើត វីតាមីន D និងសារជាតិជួយដល់ការរំលាយអាហារផងដែរ។
ប៉ុន្តែ មួយក្នុងចំណោមផលិតផលសំខាន់បំផុតរបស់ថ្លើម នោះគឺទឹកប្រមាត់។ ដូចទៅនឹងរោងចក្រដែលល្អសម្រាប់បរិស្ថាន ថ្លើមប្រើប្រាស់ hepatocyte ឬកោសិកាថ្លើម ដើម្បីបំប្លែងសារធាតុអាក្រក់ទៅជាធាតុរាវមានរសជាតិល្វីង ពណ៌បៃតង ដែលក្រោយមកត្រូវហូរចូលទៅក្នុងអាងផ្ទុកតូចមួយនៅក្រោមថ្លើម ដែលគេហៅថា ថង់ប្រមាត់ មុននឹងត្រូវបានបន្តក់ជាតំណក់ទៅក្នុងពោះវៀន ជួយកម្ចាត់ជាតិខ្លាញ់ សម្លាប់បាក់តេរីអាក្រក់ និងបន្សាបជាតិអាស៊ីតក្នុងក្រពះ។ ទឹកប្រមាត់ក៏ជួយបណ្ដេញជាតិពុល និងផលិតផលគ្មានប្រយោជន៍ចេញពីថ្លើមមកខាងក្រៅរាងកាយ។
ដូចអ្នកបានឃើញហើយ ថ្លើមគឺជារោងចក្រមួយដ៏មានប្រសិទ្ធភាព អនុវត្តតួនាទីជាច្រើនដែលជួយគ្នាទៅវិញ ទៅមក។ ប៉ុន្តែ ប្រព័ន្ធមួយដ៏ស្មុគស្មាញបែបនេះត្រូវការរក្សាសកម្មភាពឱ្យបានរលូន ដោយការថែរក្សាវាឱ្យនៅមាំមួន និងមិនត្រូវឱ្យវាធ្វើការលើសកម្លាំង ព្រោះតែជាតិពុលច្រើនហួរនោះឡើយ ហើយវាគឺជារោងចក្រមួយដែលយើងមិនត្រូវទុកឱ្យវាឱ្យឈប់ដំណើរការនោះដែរ៕