អ្នកវិទ្យាសាស្ត្រមួយក្រុមមកពី ប្រទេសបារាំង បានរកឃើញភ័ស្ដុតាងបង្ហាញថា វីរុស SARS-CoV-2 (COVID-19) មិនមានប្រភពចេញពីល្អាងភ្នំនៅក្នុងខេត្ត Yunnan ប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik (រុស្ស៊ី) កាលពីឆ្នាំមុន អ្នកស្រាវជ្រាវមួយក្រុមរបស់ ឥណ្ឌា បានចេញផ្សាយរបាយការណ៍មួយនិយាយថា ល្អាង Mojiang នៅភាគនិរតីនៃ ប្រទេសចិន ដែលមានចម្ងាយ 1,500 គីឡូម៉ែត្រពីទីក្រុង Wuhan អាចជាកន្លែងដែលមានសម្បុករបស់វីរុស Corona ថ្មី។ ការស្រាវជ្រាវនេះឱ្យដឹងថា វីរុសមួយប្រភេទដែលប្រហាក់ប្រហែលនឹង COVID-19 ត្រូវបានរកឃើញនៅក្នុងខណ្ឌ Mojiang កាលពីឆ្នាំ 2012។
កាលណោះ កម្មករអណ្ដូងរ៉ែ Mojiang ចំនួន 6 នាក់ បានឆ្លងជំងឺផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានបោសសម្អាតលាមកសត្វប្រចៀវក្នុងល្អាង ដើម្បីរុករកលោហធាតុស្ពាន់។ បុរសជាកម្មករទាំងនេះ ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យនៅក្នុងទីក្រុង Kunming នៃខេត្ត Yunnan ប្រទេសចិន ដោយសារមានអាការក្អកខ្លាំង ក្ដៅខ្លួន ឈឺក្បាល ឈឺទ្រូង និងពិបាកដកដង្ហើម។ 3 នាក់ ក្នុងចំណោមពួកគេ បានស្លាប់ដោយសាររោគនេះ។
ការធ្វើតេស្តក្រោយមក ក៏បានបង្ហាញថា កម្មករទាំងនេះបានឆ្លងវីរុស Corona មួយប្រភេទ ដែលត្រូវបានគេដាក់ឈ្មោះថា RaTG13។ សំណាកវីរុសនេះត្រូវបានប្រមូលយកដោយវិទ្យាស្ថានវីរុសសាស្ត្រ Wuhan។ ក្រុមអ្នកវិទ្យាសាស្ត្រ ឥណ្ឌា យល់ថា RaTG13 គឺជាអម្បូរជិតរបស់ COVID-19។ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រ ជនជាតិបារាំង ថ្មីៗនេះ បានប្រកាសផ្ទុយពីនេះ។
យោងតាមការស្រាវជ្រាវបឋម ដែលគ្រោងនឹងត្រូវបានប្រកាសនៅឆ្នាំក្រោយ ក្រុមកម្មកររុករករ៉ែខាងលើដែលបានឆ្លងវីរុស RaTG13 មានអាការរោគខុសពីអ្នកជំងឺ COVID-19។ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ បារាំង បានដាក់ជាសំណួរថា «ហេតុអ្វី ក្រុមវេជ្ជបណ្ឌិត និងអ្នកដែលបានប៉ះពាល់ផ្ទាល់នឹងកម្មករទាំងនោះ មិនឆ្លងរោគ?»។
ក្រោយការពិនិត្យឯកសារពេទ្យរបស់ក្រុមកម្មករអណ្ដូងរ៉ែនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកជំងឺ RaTG13 មានអាការក្អកធ្លាក់ឈាម និងធ្លាក់ទឹករងៃ។ រូបភាពស្កេន CT បង្ហាញថា កម្មករទាំងនេះមិនមានបញ្ហារបួសសួតដូចអ្នកជំងឺ COVID-19 នោះទេ។
សំណួរផ្សេងមួយទៀត សួរថា «ហេតុអ្វី វីរុសមួយប្រភេទដែលបានសម្លាប់មនុស្សជាង 5 លាននាក់ និងឆ្លងទៅមនុស្សជាង 200 លាននាក់ ក្នុងរយៈពេល 18 ខែ បែរជាមិនបានឆ្លងទៅមនុស្សសូម្បីតែម្នាក់ នៅក្នុងអំឡុង 7 ឆ្នាំ ចាប់ពីឆ្នាំ 2012 ដល់ឆ្នាំ 2019?»។
ក្រុមអ្នកវិទ្យាសាស្ត្រ បារាំង យល់ថា លទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ បានច្រានចោលសម្មតិកម្មកន្លងមកដែលគិតថា វីរុសបង្កជំងឺរាតត្បាត COVID-19 លេចធ្លាយចេញពីបន្ទប់ពិសោធន៍។
«ការច្រានចោលសម្មតិកម្មដែលថា វីរុសមានប្រភពពីអណ្ដូងរ៉ែ Mojiang ក៏មានន័យថា ពុំមានមូលដ្ឋានវិទ្យាសាស្ត្រណាមួយបង្ហាញថា វីរុសលេចធ្លាយចេញពីបន្ទប់ពិសោធន៍។ សម្មតិកម្មមុននោះគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ» ក្រុមអ្នកស្រាវជ្រាវរបស់ បារាំង បានសរសេរដូច្នេះ។
ទោះជាយ៉ាងនេះក៏ដោយ ការស្រាវជ្រាវរបស់ បារាំង ខាងលើនេះ ក៏នៅតែត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើន មានមន្ទិលសង្ស័យ។ សាស្ត្រាចារ្យ Lawrence Young អ្នកឯកទេសផ្នែកវីរុសសាស្ត្រនៃសាកលវិទ្យា Warwick យល់ថា សម្មតិកម្មដែលថា វីរុសលេចធ្លាយចេញពីបន្ទប់ពិសោធន៍ នៅតែ «មិនអាចត្រូវបានលុបចោល»។
សាស្ត្រាចារ្យ David Livemore អ្នកជំនាញផ្នែកអតិសុខុមសាស្ត្រ មកពីសាកលវិទ្យាល័យ East Anglia ថ្លែងថា បើទោះជាលោកជឿថា សម្មតិកម្មដែលថា វីរុសលេចធ្លាយចេញពីបន្ទប់ពិសោធន៍ មិនប្រាកដថាជាប្រភពរបស់ COVID-19 ក្ដី ប៉ុន្តែ នៅតែមាន «ចំណុចចៃដន្យមួយចំនួនដ៏គួរឱ្យយកចិត្តទុកដាក់»។
«មហារោគរាតត្បាតបានចាប់ផ្ដើមកើតមានដំបូងនៅទីក្រុង Wuhan ជាទីដែលនៅឆ្ងាយពីល្អាងសត្វប្រចៀវនៅភាគខាងត្បូងនៃ ប្រទេសចិន និងជាទីដែលមានវិទ្យាស្ថានវីរុសសាស្ត្រ ដែលជាស្ថាប័នធ្វើការស្រាវជ្រាវម៉ូលិគុល រួមមានទាំងភារកិច្ចបង្កើនមុខងារនៅលើវីរុស Corona ផងដែរ» លោក David Livemore បញ្ជាក់ដូច្នេះ។
ពិភពលោក បច្ចុប្បន្ន បានឈានចូលដល់ឆ្នាំទីពីររបស់ COVID-19 ប៉ុន្តែ ប្រភពរបស់វីរុសនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងការបកស្រាយខុសៗគ្នា។
កាលពី COVID-19 ទើបតែបានចាប់ផ្ដើម សហគមន៍អ្នកស្រាវជ្រាវយល់ថា វីរុសនេះមានប្រភពពីសត្វប្រចៀវ។ ពួកវាបានឆ្លងទៅសត្វព្រៃ មុននឹងឆ្លងមកមនុស្ស។ ប៉ុន្តែ ក្រោយមក មនុស្សមួយចំនួនជឿថា វីរុស COVID-19 បានលេចធ្លាយចេញពីបន្ទប់ពិសោធន៍នៅទីក្រុង Wuhan ប្រទេសចិន ជាទីដែលករណីឆ្លងដំបូងត្រូវបានរាយការណ៍ ឬថា វីរុសនេះត្រូវបានមនុស្សបង្កើតឡើង។ សម្មតិកម្មទាំងពីរនេះ សុទ្ធតែត្រូវបានច្រានចោល។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា «មនុស្សពិតជាពិបាកក្នុងការបង្កើត COVID-19»។
កាលពីខែសីហា ឆ្នាំ 2021 របាយការណ៍ស៊ើបការណ៍មួយដែលត្រូវបានបង្ហើបដោយសារព័ត៌មាន Wall Street Journal ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ 3 រូប នៅវិទ្យាស្ថានស្រាវជ្រាវវីរុសសាស្ត្រ Wuhan បានចូលព្យាបាលជំងឺនៅមន្ទីរពេត្យ ដោយសារមានអាការដូចអ្នកជំងឺ COVID-19 កាលពីខែវិច្ឆិកា ឆ្នាំ 2019 ពោលគឺ 3 សប្ដាហ៍មុនពេល ចិន រាយការណ៍ករណីឆ្លង COVID-19 ដំបូង នៅទីក្រុងនេះ។ របាយការណ៍របស់ ប្រទេសចិន បាននាំឱ្យមានការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយអាជ្ញាធររបស់ប្រធានាធិបតី អាម៉េរិក លោក Joe Biden។ ក៏ប៉ុន្តែ សកម្មភាពនេះនៅតែមិនអាចសន្មតបានអំពីប្រភពរបស់ COVID-19 ដដែល៕