នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla ជឿថា ជីវភាពរស់នៅរបស់មនុស្សនឹងត្រលប់មករកសភាពធម្មតាវិញនៅឆ្នាំក្រោយ បើទោះជាវ៉ារ្យ៉ង់ថ្មីៗរបស់ COVID-19 នៅតែបន្តបង្ហាញខ្លួន។
«ខ្ញុំយល់ថា យើងអាចត្រលប់ទៅរកជីវភាពធម្មតាវិញក្នុងរយៈពេល 1 ឆ្នាំទៀត» នាយកប្រតិបត្តិរបស់ Pfizer លោក Bourla បានប្រាប់ ABC News កាលពីថ្ងៃទី 26 កញ្ញាដូច្នេះ។ លោកបន្តថា «ប៉ុន្តែ នេះមិនមែនមានន័យថា វីរុសបំប្លែងខ្លួននានានឹងលែងបង្ហាញខ្លួន ហើយយើងបន្តរស់នៅដោយមិនបាច់ចាក់វ៉ាក់សាំងនោះទេ»។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាម៉េរិក Moderna លោក Stephane Bancel កាលពីសប្ដាហ៍កន្លងទៅក៏បានព្យាករថា រោគរាតត្បាតសកល COVID-19 នឹងបញ្ចប់ «ក្នុងរយៈពេល 1 ឆ្នាំខាងមុខ» ដោយសារការផលិតវ៉ាក់សាំងត្រូវបានពង្រីកនៅទូទាំងពិភពលោក អនុញ្ញាតឱ្យគ្រប់គ្នាមានឱកាសទទួលបានការចាក់វ៉ាក់សាំង។ លោក Bancel និយាយថា អ្នកដែលមិនបានចាក់វ៉ាក់សាំងនឹង «មានភាពស៊ាំឯកឯង» ព្រោះថា វ៉ារ្យ៉ង់ Delta មានសមត្ថភាពឆ្លងរាលដាលខ្ពស់។ នេះមានន័យថា អ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវឆ្លង COVID-19 ប្រភេទ Delta មិនខាន។
CEO របស់ Pfizer ជឿថា ប្រជាជនអាចនឹងត្រូវការចាក់វ៉ាក់សាំងបង្ការ COVIDD-19 ជារៀងរាល់ឆ្នាំ ដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មីដែលបង្ហាញខ្លួននៅពាសពេញពិភពលោក។ «សេណារីយោដែលមានលទ្ធភាពកើតឡើងបំផុតគឺការចាក់ប្រចាំឆ្នាំ ប៉ុន្តែ យើងពិតជាមិនបានដឹងច្បាស់ ដូច្នេះត្រូវការរង់ចាំមើលទិន្នន័យជាក់ស្ដែង»។
ការព្យាករខាងលើតនេះត្រូវបានលើកឡើងនៅក្នុងគ្រាដែលប្រជាជនអាម៉េរិក ដែលគ្រប់លក្ខខណ្ឌ នឹងទទួលបានការចាក់វ៉ាក់សាំងដូសបន្ថែម។ នាយកដ្ឋានគ្រប់គ្រងអាហារនិងឱសថ (FDA) របស់ សហរដ្ឋអាម៉េរិក កាលពីសប្ដាហ៍មុនបានយល់ព្រមឱ្យចាក់ដូសបន្ថែមដល់ពលរដ្ឋដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ អ្នកដែលមានហានិភ័យឈឺធ្ងន់បើសិនឆ្លង COVID-19 រួមនឹងអ្នកដែលមានហានិភ័យឆ្លងខ្ពស់ ដោយសារកន្លែងរស់នៅ និងកន្លែងធ្វើការ។
សហរដ្ឋអាម៉េរិក បច្ចុប្បន្នមានអ្នកឆ្លងជិត 44 លាននាក់ និងអ្នកស្លាប់ដោយសារ COVID-19 សរុបជាង 706,000 នាក់ នេះបើតាមទិន្នន័យពីទំព័រ Worldometer។ គិតត្រឹមសប្ដាហ៍មុន តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅ សហរដ្ឋអាម៉េរិក បានកើនលើសពីតួលេខនៃជនជាតិអាម៉េរិក ដែលបានស្លាប់ដោយសាររោគរាតត្បាតសកលកាលពីចន្លោះឆ្នាំ 1918-1919៕