WHO បានឱ្យដឹងថា តួលេខនៃករណីឆ្លង COVID-19 ទូទាំងសកលលោកកាលពីសប្ដាហ៍មុន បានថយចុះប្រហែល 400,000 នាក់ ធៀបនឹងមួយសប្ដាហ៍មុននោះ ដែលនេះគឺជាការថយចុះដំបូងនៅក្នុងរយៈពេល 2 ខែ។
អង្គការសុខភាពិភពលោក (WHO) បានឱ្យដឹងថា ពិភពលោកបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន 3.6 លាននាក់ នៅក្នុង 1 សប្ដាហ៍កន្លងទៅ ពោលគឺថយចុះ 400,000 នាក់ ធៀបនឹងតួលេខអ្នកវិជ្ជមាន 4 លាននាក់ កាលពី 1 សប្ដាហ៍មុននោះ។ តំបន់ចំនួន 2 ដែលត្រូវបានរាយការណ៍ថា ថយចុះច្រើនជាងគេគឺ មជ្ឈិមបូព៌ា (22%) និង អាស៊ីអាគ្នេយ៍ (16%)។ ករណីវិជ្ជមានថ្មីស្ទើរតែទាំងអស់ស្ថិតនៅ សហរដ្ឋអាម៉េរិក, ឥណ្ឌា, អង់គ្លេស, តួកគី និង ហ្វីលីពីន។ វីរុស COVID-19 ប្រភេទ ឌែលតា (Delta) បានបង្ហាញវត្តមាននៅក្នុងប្រទេសចំនួន 185 និងក្លាយជាវ៉ារ្យ៉ង់ដែលលេចធ្លោជាងគេនៅទូទាំងពិភពលោក។
ចំណែកតួលេខអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោក ក៏ថយចុះ 7% នៅក្នុងសប្ដាហ៍កន្លង ដោយមានអ្នកជំងឺ 60,000 នាក់បានស្លាប់។ អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលមានករណីស្លាប់ថយចុះច្រើនជាងគេ (30%)។
ពិភពលោកបានរកឃើញអ្នកវិជ្ជមាននឹង COVID-19 សរុបចំនួន 230,868,745 នាក់ ក្នុងនោះមានអ្នកស្លាប់ 4,732,669 នាក់, ជាសះស្បើយ 207,561,828 នាក់ និង កំពុងព្យាបាលចំនួន 18,574,248 នាក់។
គិតមកដល់បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាង 6 ពាន់លានដូស ត្រូវបានប្រើប្រាស់នៅទូទាំងសកលលោក ក្នុងនោះ ពលរដ្ឋចំនួន 43.7% បានចាក់យ៉ាងតិច 1 ដូស ប៉ុន្តែ នៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប អត្រានេះមានត្រឹមតែ 2% ប៉ុណ្ណោះ៕