អាជ្ញាធររបស់ប្រធានាធិបតី Biden កំពុងចរចាជាមួយក្រុមហ៊ុន Pfizer ដើម្បីទិញវ៉ាក់សាំង 500 លានដូសទៀត ក្នុងបំណងជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលកំពុងបន្តរាតត្បាតទូទាំងសកលលោក។
ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល សហរដ្ឋអាម៉េរិក និងក្រុមហ៊ុន Pfizer នឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ មុនពេលកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពី COVID-19 ដែលប្រធានាធិបតី Joe Biden ស្នើឱ្យធ្វើឡើងដំណាលគ្នានឹងមហាសន្និបាតអង្គការសហប្រជាជាតិ។
រដ្ឋាភិបាលរបស់លោក Biden សម្រេចបានកិច្ចព្រមព្រៀងមួយដែលស្ទើរតែដូចគ្នានេះកាលពីខែសីហា ហើយ Pfizer កំពុងដឹកជញ្ជូនវ៉ាក់សាំងទាំងនេះទៅឱ្យ COVAX ដែលជាយន្តការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃសម្រាប់បណ្ដាប្រទេសក្រីក្រ។
«ប្រធានាធិបតីបានអះអាងច្បាស់ថា យើងនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ការខិតខំក្នុងការចាក់វ៉ាក់សាំងរបស់ពិភពលោក» អ្នកសម្របសម្រួលចំពោះកិច្ចការប្រឆាំង COVID-19 របស់សេតវិមាន Jeffrey Zients បានបញ្ជាក់កាលពីថ្ងៃទី 17 កញ្ញា។
សហរដ្ឋអាម៉េរិក បច្ចុប្បន្នគឺជាប្រទេសម្ចាស់ជំនួយផ្នែកវ៉ាក់សាំងបង្ការវីរុស COVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ខណៈដែលប្រទេសចិន ឈរលំដាប់លេខ 2 ចំណែក ជប៉ុន និង អង់គ្លេស ឈរលេខរៀងបន្ទាប់ គិតត្រឹមថ្ងៃទី 9 កញ្ញា។ នេះបើតាមទិន្នន័យរបស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)៕