កាលពីថ្ងៃទី 17 កញ្ញា សេតវិមាន បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលទូទាំងសកលលោក ស្ដីពី COVID-19 នៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកវិធីជំរុញការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងពិភពលោក។
ប្រភពព័ត៌មានពី សហរដ្ឋអាម៉េរិក បានឱ្យដឹងថា កិច្ចប្រជុំកំពូលនឹងត្រូវបានធ្វើឡើងក្រោមរូបភាពអនឡាញ នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021 ដំណាលគ្នានឹង មហាសន្និបាតអង្គការសហប្រជាជាតិ។
Jen Psaki ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់ សេតវិមាន បានប្រាប់ថា ក្នុងកិច្ចប្រជុំ សហរដ្ឋអាម៉េរិក នឹងអំពាវនាវដល់បណ្ដាប្រទេស លើកឡើងនូវ «មហិច្ឆតាធំជាងបច្ចុប្បន្ន» អំពីប្រធានបទមួយចំនួន ដូចជា ការប្រឹងប្រែងចាក់វ៉ាក់សាំងដល់ពិភពលោក ការបង្កើនប្រភពផ្គត់ផ្គង់អុកស៊ីសែន និងឧបករណ៍ការពារសុវត្ថិភាពផ្នែកសុខាភិបាលជាដើម។
សារព័ត៌មាន Washington Post បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden កំពុងមានគម្រោងទិញវ៉ាក់សាំង COVID-19 បន្ថែមចំនួនរាប់រយលានដូសទៀត សម្រាប់ផ្ដល់ជាជំនួយដល់បណ្ដាប្រទេស ហើយក្នុងកិច្ចប្រជុំនាសប្ដាហ៍ក្រោយ អាចនឹងមានការជំរុញឱ្យប្រទេសនានា ធ្វើដូច សហរដ្ឋអាមេរិក។
ព័ត៌មានខាងលើត្រូវបានចុះផ្សាយ ក្នុងគ្រាដែល សហរដ្ឋអាម៉េរិក កំពុងរងសម្ពាធដែលបង្ខំឱ្យពន្លឿនការចាក់វ៉ាក់សាំងទូទាំងសកលលោក។ គិតមកដល់បច្ចុប្បន្ន អាម៉េរិក បានផ្ដល់ជំនួយជាវ៉ាក់សាំងចំនួន 140 លានដូសរួចហើយ ដល់បណ្ដាប្រទេស ហើយនឹងអាចផ្ដល់ជំនួយបន្ថែមប្រហែល 500 លានដូសទៀត ចាប់ពីពេលនេះដល់ឆ្នាំក្រោយ។
យ៉ាងនេះក្ដី ក្រុមអ្នកជំនាញចង់ឃើញរដ្ឋាភិបាលលោក Biden មិនត្រឹមតែជំរុញការផ្ដល់ជំនួយជាវ៉ាក់សាំង COVID-19 នោះទេ ប៉ុន្តែពួកគេចង់ឃើញមហាអំណាចពិភពលោកមួយនេះ បង្កើនការផលិតវ៉ាក់សាំងនៅលើពិភពលោកផងដែរ៕