នៅព្រឹកថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់កុមារអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានវ័យដូចខាងលើ គឺដើម្បីឱ្យពួកគេអាចចូលរៀននៅសាលាបឋមសិក្សាឡើងវិញ ទន្ទឹមនឹងការដែលអាចឈានទៅបើកលំហសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយជាងបច្ចុប្បន្ន។
នៅក្នុងព្រឹត្តិការណ៍ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ ចៅៗរបស់ប្រមុខរដ្ឋាភិបាល និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត ក៏បានមកទទួលការចាក់វ៉ាក់នេះដែរ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ខណៈដែលស្ថានភាព COVID-19 របស់ប្រទេសជាច្រើនក្នុងពិភពលោក មិនទាន់មានការថមថយនៅឡើយ កម្ពុជា ពេលនេះ បានស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ។
ប្រមុខរដ្ឋាភិបាល ឱ្យដឹងថា កម្ពុជា មានវិធានការ 3 សំខាន់ៗ ដែលបានដាក់ចេញជាប្រចាំថ្ងៃ នោះគឺ «ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស», «ការចាក់វ៉ាក់សាំង» និង «ការព្យាបាលដោយថ្នាំ និងវិធីថ្មី»។
ទន្ទឹមនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីលទ្ធភាពនៃការការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី 3 ទៅ 6 ឆ្នាំផងដែរ។ កុមារអាយុចាប់ពី 3 ទៅ 6 ឆ្នាំ នៅ កម្ពុជា បច្ចុប្បន្នមានប្រមាណជាង 910,000 នាក់៕