នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ប្រកាសឱ្យចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ដល់កុមារដែលមានអាយុចាប់ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដើម្បីអាចបើកដំណើរការសាលាបឋមសិក្សាឡើងវិញ។ នេះបើតាម សារជាសំឡេង ដែលផ្ញើទៅកាន់មន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021។
«បើមិនចាក់វ៉ាក់សាំងឱ្យកុមារអាយុពី 6 ឆ្នាំ ទៅ 12 ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺនៅក្នុងក្របខ័ណ្ឌបឋមសិក្សា ហើយយើង បែរជាបើកតែអនុវិទ្យាល័យ-វិទ្យាល័យ ដូច្នេះធ្វើឱ្យមានបញ្ហាលំបាក» ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះ។
សម្តេច បានបញ្ជាក់ថា ប្រទេសមួយចំនួនបានចាក់វ៉ាក់សាំង COVID-19 ដល់កុមារក្រោមអាយុ 12 ឆ្នាំរួចហើយ បន្ទាប់មានការសិក្សាស្រាវនៅតាមបណ្ដាប្រទេស។
ការចាក់វ៉ាក់សាំង COVID-19 ឱ្យកុមារអាយុពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដែលមានចំនួនជាង 1.8 លាននាក់នៅ កម្ពុជា នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី 17 ខែកញ្ញា ឆ្នាំ 2021 ក្នុងក្របខ័ណ្ណទូទាំងប្រទេស។