ដោយសារតែមនុស្សរាប់ពាន់លាននាក់នៅលើពិភពលោក មិនទាន់បានចាក់វ៉ាក់សាំង វិបត្តិសុខភាពដែលបង្កឡើងដោយ COVID-19 ពិបាកនឹងត្រូវបញ្ចប់ក្នុងរយៈពេល 6 ខែខាងមុខ ប៉ុន្តែ វាអាចនឹងផ្ទុះឆ្លងរាលដាលខ្លាំងជាងបច្ចុប្បន្ន នៅក្នុងរដូវរងា។
វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ 5.76 ពាន់លានដូស ត្រូវបានគេចាក់នៅទូទាំងសកលលោក ក្នុងនោះ 43.3% នៃប្រជាជនសរុប បានចាក់វ៉ាក់សាំងយ៉ាងតិច 1 ដូស។ ប្រការនេះមានន័យថា មនុស្សជិត 4 ពាន់លាននាក់ទៀត នៅតែមិនទាន់បានចាក់វ៉ាក់សាំង។
ក្នុងគ្រាដែលការចាក់វ៉ាក់សាំងនៅក្នុងបណ្ដាប្រទេសអ្នកមាន សុទ្ធតែចាក់បានច្រើនជាង 60% បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបឯណោះវិញ ការចាក់ 1 ដូសនៅតែមិនទាល់ដល់ 1.9% នៅឡើង។ ខាងលើនេះគឺជាទិន្នន័យបានមកពី Our World in Data។
ក្រុមអ្នកជំនាញ សុទ្ធតែយល់ថា ការចាក់វ៉ាក់សាំងគឺជាគន្លឹះដែលជួយឱ្យមនុស្សលោកអាចទប់ទល់នឹងរោគរាតត្បាត។ ការឆ្លងរាលដាលរបស់ COVID-19 នាបច្ចុប្បន្ន អាចត្រូវបានគ្រប់គ្រង នៅពេលប្រជាជនភាគច្រើន (90-95%) បានទទួលការចាក់វ៉ាក់សាំង ឬធ្លាប់បានឆ្លងCOVID-19។ ប៉ុន្តែ ដោយសារតែប្រភពផ្គត់ផ្គង់វ៉ាក់សាំង និងល្បឿននៃការចាក់វ៉ាក់សាំងដែលមានកំណត់ដូចបច្ចុប្បន្ន គោលដៅនេះមិនអាចសម្រេចបាននៅក្នុងរយៈពេល 6 ខែខាងមុខ។
«មិនមានការចាក់វ៉ាក់សាំង យើងនឹងងាយរងផលប៉ះពាល់ ដោយសារវីរុសនឹងឆ្លងរាលដាលខ្លាំងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខ» Lone Simonsen អ្នកឯកទេសផ្នែករោគឆ្លង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Roskilde ប្រទេសដាណឺម៉ាក ថ្លែងដូច្នេះ។
Michael Osterholm ប្រធានមជ្ឈមណ្ឌលគោលនយោបាយនិងស្រាវជ្រាវរោគឆ្លងនៃសាកលវិទ្យាល័យ Minnesota នៅ Minneapolis និងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និយាយថា៖ «ខ្ញុំគិតថា រលកនៃការឆ្លងរាលដាលនឹងបន្តកើតឡើងនៅពាសពេញពិភពលោក។ រោគឆ្លងនឹងថយចុះ ប៉ុន្តែ ក្រោយមក ខ្ញុំគិតថា យើងនឹងរងការផ្ទុះឆ្លងរាលដាលថ្មីនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំនេះ»។
Osterholm បន្ថែមថា៖ «យើងនឹងបានឃើញរោគរាតត្បាតផ្ទុះឆ្លងរាលដាលខ្លាំង រួចក៏ថយចុះជាច្រើនលើក ច្រើនសា ក្នុងអំឡុងពេលច្រើនឆ្នាំទៅមុខ នៅពេលវ៉ាក់សាំងត្រូវបានចាក់ទូលំទូលាយជាងបច្ចុប្បន្ន។ ខ្ញុំអាចនិយាយបានថា នេះគឺដូចទៅនឹងភ្លើងឆេះព្រៃមួយលើកដែលមិនមានទីបញ្ចប់ រហូតដល់វាបានដុតកម្ទេចគ្រប់យ៉ាង»។
មហារោគរាតត្បាតចំនួន 5 លើកដែលមនុស្សលោកធ្លាប់ជួបប្រទះក្នុងអំឡុង 130 ឆ្នាំកន្លងទៅ អាចឱ្យយើងដឹងអំពីតម្រុយនៃដំណើរការរបស់ COVID-19 នាពេលខាងមុខ។ នេះបើតាមសាស្ត្រាចារ្យ Simonsen។
Simonsen ឱ្យដឹងថា បើទោះរោគរាតត្បាតផ្ដាសាយទូទាំងសកលលោកដែលអូសបន្លាយពេលយូរបំផុតត្រឹម 5 ឆ្នាំ ប៉ុន្តែ ពួកវាភាគច្រើនផ្ទុះឆ្លងរាលដាលចាប់ពី 2-4 លើក ក្នុងអំឡុងពេលពី 2-3 ឆ្នាំ។ COVID-19 គឺជាវីរុសដែលខ្លាំងក្លាជាងគេ នៅពេលដែលឆ្នាំទីពីរជិតត្រូវបានបញ្ចប់ ពិភពលោកនៅតែពើបប្រទះនឹងរលកឆ្លងទីបី និងមិនទាន់មានសញ្ញាបង្ហាញអំពីទីបញ្ចប់នៅឡើយ។
ប្រវត្តិសាស្ត្របានបង្ហាញថា ការយល់ឃើញថា វីរុសនឹងបាត់ទៅវិញដោយឯកឯងទៅតាមពេលវេលាគឺជារឿងខុសឆ្គងទាំងស្រុង។ «បើទោះជាវ៉ារ្យ៉ង់ថ្មីនានា មិនមែនសុទ្ធតែគ្រោះថ្នាក់ជាងមុន ប៉ុន្តែវិបត្តិសុខភាពអាចប្រែទៅជាធ្ងន់ធ្ងរ នៅពេលវីរុសស្វែងរកវិធីសម្របខ្លួនទៅនឹងបរិស្ថានថ្មី» លោកស្រី Simonsen បញ្ជាក់ដូច្នេះ។ នេះបើតាមសារព័ត៌មាន Bloomberg។
Erica Charters សាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រសុខាភិបាល ប្រចាំសាកលវិទ្យាល័យ Oxford ឱ្យដឹងថា COVID-19 នឹងបញ្ចប់នៅក្នុងអំឡុងពេលផ្សេងៗគ្នាទៅតាមតំបន់ផ្សេងៗគ្នា។ រដ្ឋាភិបាលនានានឹងត្រូវធ្វើការសម្រេចចិត្តទៅលើកម្រិតនៃការរាតត្បាតរបស់វីរុសដែលពួកគេអាចរស់នៅជាមួយបាន។
Erica Charters បញ្ជាក់ថា៖ «ដំណាក់កាលនៃទីបញ្ចប់របស់ COVID-19 នឹងមិនស្របគ្នានៅទេ។ រោគរាតត្បាតគឺជាបាតុភូតជីវសាស្ត្រ ប៉ុន្តែវាក៏ជាបាតុភូតនយោបាយ និងសង្គមផងដែរ»។
ដូចដែលបានរៀបរាប់ខាងលើ ក្រុមអ្នកជំនាញយល់ថា គ្រប់គ្នាត្រូវការចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ ដើម្បីរក្សាសមត្ថភាពការពារសុខភាពផ្ទាល់ខ្លួននៅចំពោះមុខ «មហាវីរុស» COVID-19៕