សហរដ្ឋអាម៉េរិក គឺជាប្រទេសដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការវីរុស COVID-19 ច្រើនជាងគេបង្អស់ក្នុងពិភពលោក ពោលគឺច្រើនជាងមហាយក្សចិន ជប៉ុន អង់គ្លេស ទៅទៀត នេះបើតាមទិន្នន័យរបស់ UNICEF។
ទិន្នន័យដែលត្រូវបានមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បង្ហាញថា គិតមកដល់ថ្ងៃទី 9 កញ្ញា ឆ្នាំ 2021 សហរដ្ឋអាម៉េរិក បានផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ជាង 114 លានដូស ទៅឱ្យប្រទេសកំពុងអភិវឌ្ឍប្រមាណ 80 នៅទ្វីបអាស៊ី អាហ្វ្រិក និង អាម៉េរិកឡាទីន។ តួលេខនេះច្រើនជាង 3 ដង ធៀបនឹង 34 លានដូស ដែល ចិន បានផ្ដល់ជំនួយដល់ពិភពលោក។
UNICEF គឺជាអង្គការដែលទទួលបន្ទុកការពារ និងអភិវឌ្ឍកុមារ ទន្ទឹមនឹងនេះ UNICEF ក៏ដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការបែងចែកវ៉ាក់សាំង COVID-19 នៃយន្តការ COVAX ដើម្បីរំលែកវ៉ាក់សាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប។ ទិន្នន័យនេះត្រូវបាន UNICEF បូកសរុបពីព័ត៌មានជាសាធារណៈ អាចមិនបង្ហាញបានទាំងស្រុងនូវកម្រិតនៃការចូលរួមផ្ដល់ជំនួយជាវ៉ាក់សាំងនៅទូទាំងសកលលោក។
ប្រទេសចិន គឺជាអ្នកផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ធំជាងគេលំដាប់ទីពីរក្នុងពិភពលោក ខណៈដែល ជប៉ុន ឈរលំដាប់ទីបី ដោយបានផ្ដល់ជំនួយប្រមាណ 23.3 លានដូស នេះបើតាមទិន្នន័យរបស់ UNICEF។
បណ្ដាប្រទសនៅអាស៊ី ស្ថិតក្នុងចំណោមប្រទេសដែលទទួលបានជំនួយជាវ៉ាក់សាំងបង្ការ COVID-19 ច្រើនជាងគេ ក្នុងនោះ ប្រទេសបង់ក្លាដែស, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន សុទ្ធតែទទួលបានជាង 10 លានដូសដូចគ្នា។
វ៉ាក់សាំងជាង 207 លានដូស ត្រូវបានផ្ដល់ជាជំនួយតាមរយៈទ្វេភាគី ឬតាមយន្តការ COVAX ទាបជាងច្រើនធៀបនឹងការស្នើរបស់គណៈកម្មការឯករាជ្យមួយដែលត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក (WHO)។ នៅក្នុងរបាយការណ៍ថ្មីបំផុតកាលពីខែឧសភា គណៈកម្មការនេះបានស្នើឱ្យបណ្ដាប្រទេសដែលមានចំណូលខ្ពស់ បែងចែកវ៉ាក់សាំងយ៉ាងតិច 1 ពាន់លានដូស ទៅឱ្យបណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យម នៅមុនថ្ងៃទី 1 កញ្ញា និង 1 ពាន់លានដូសផ្សេងទៀត នៅពាក់កណ្ដាលឆ្នាំ 2022។
ការស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Airfinity បង្ហាញថា បណ្ដាប្រទេសអ្នកមាន ទិញវ៉ាក់សាំងច្រើនជាងតម្រូវការចាំបាច់។ ក្រុមហ៊ុននេះ បានព្យាករថា សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប (EU), អង់គ្លេស, កាណាដា និង ជប៉ុន នឹងសល់វ៉ាក់សាំងជាង 1.2 ពាន់លានដូសនៅក្នុងឆ្នាំ 2021 ក្រោយពីបានចាក់ឱ្យពលរដ្ឋរួចរាល់ និងចាក់ដូសជំរុញ។
WHO ដាក់ផែនការជួយឱ្យគ្រប់ប្រទេស ចាក់វ៉ាក់សាំង COVID-19 ដល់ពលរដ្ឋយ៉ាងតិច 10% ក្នុងចំណោមពលរដ្ឋទាំងអស់របស់ពួកគេនៅចុងខែនេះ មុនពេលដំឡើងតួលេខនេះឱ្យដល់យ៉ាងទាប ត្រឹម 40% នៅចុងឆ្នាំនេះ និង 70% នៅពាក់កណ្ដាលឆ្នាំ 2022។
ទិន្នន័យបានបង្ហាញថា តំបន់អាហ្វ្រិក បានចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ 5.5% នៃចំនួនពលរដ្ឋសរុបរបស់ទ្វីបនេះ ហើយនេះគឺជាកម្រិតទាបបំផុតនៅក្នុងពិភពលោក។
ក្រុមអ្នកជំនាញ រួមមានទាំងអ្នកឯកទេសផ្នែករោគឆ្លងដ៏ល្បីឈ្មោះ Larry Brilliant បាននិយាយថា ត្រូវការចាក់វ៉ាក់សាំង COVID-19 ឱ្យបានទូលំទូលាយជាងនេះដើម្បីកាត់បន្ថយការឆ្លងរាលដាលរបស់បណ្ដាវ៉ារ្យ៉ង់ថ្មី និងបញ្ចប់ការរាតត្បាតរបស់វីរុស COVID-19 នៅទូទាំងសកលលោក។
ក្រៅពីការព្រួយបារម្ភអំពីសុខភាព ការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងក៏អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកត្រូវខាតបង់ 2,300,000,000,000 (2.3 សែនកោដិ ឬ 2.3 ទ្រីលាន) ដុល្លារអាម៉េរិក ចាប់ពីឆ្នាំ 2022 ដល់ឆ្នាំ 2025។ នេះបើតាមការគណនារបស់ក្រុមហ៊ុន Economist Intelligence Unit។ ក្រុមហ៊ុននេះយល់ថា បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចទើបតែលូតលាស់នឹងរងផលប៉ះពាល់ប្រមាណ 2/3 នៃខ្ទង់ខាតបង់សរុប៕