ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង Ramaphosa បានប្រកាសគម្រោងប្រើប្រាស់ប័ណ្ណបៃតងវ៉ាក់សាំង COVID-19 និងបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរចាប់ពីសប្ដាហ៍នេះ ក្នុងគ្រាដែលប្រទេសអង់គ្លេស បានប្រកាសថា នឹងលុបចោលគម្រោងស្នើឱ្យពលរដ្ឋបង្ហាញប័ណ្ណបៃតងវ៉ាក់សាំង នៅពេលចូលទៅកាន់ទីកន្លែងមានមនុស្សច្រើន។
ប្រធានាធិបតី អាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសដូចខាងលើកាលពីថ្ងៃទី 12 កញ្ញា។ អាជ្ញាធរ អាហ្វ្រិកខាងត្បូង នឹងប្រកាសលម្អិតអំពីការប្រើប្រាស់ប័ណ្ណបៃតងវ៉ាក់សាំង COVID-19 នាពេលខាងមុខ ប៉ុន្តែ ប្រភពព័ត៌មានឱ្យដឹងថា ប័ណ្ណនេះ ក្រៅពីត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីការចាក់វ៉ាក់សាំងរួចរាល់ វាក៏នឹងត្រូវបានប្រើក្នុងគោលដៅ និងព្រឹត្តិការណ៍ផ្សេងៗផងដែរ។
លោក Ramaphosa បន្ថែមថា «តួលេខនៃករណីឆ្លងថ្មីដែលបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនសប្ដាហ៍កន្លងទៅនេះ» នឹងអនុញ្ញាតឱ្យ អាហ្វ្រិកខាងត្បូង អាចបន្ធូរបន្ថយវិធានការរឹតត្បិតនានាចាប់ពីថ្ងៃទី 13 កញ្ញា 2021។
ប្រទេសអាហ្វ្រិកខាងត្បូង គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកឆ្លង COVID-19 សរុបជាង 2.8 លាននាក់ ក្នុងនោះមានអ្នកស្លាប់សរុបជិត 85,000 នាក់។ ប្រទេសនេះបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង 7 លាននាក់រួចហើយ នៅក្នុងចំណោមប្រជាជនសរុបជាង 58.5 លាននាក់។ ¼ នៃពលរដ្ឋពេញវ័យរបស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិច 1 ដូស។
ដោយឡែក រដ្ឋាភិបាលអង់គ្លេស មុននោះបានឱ្យដឹងថា កម្មវិធីប័ណ្ណបៃតងវ៉ាក់សាំង COVID-19 នឹងត្រូវបានអនុវត្តចាប់ពីចុងខែកញ្ញានេះ បើទោះជាមានការជំទាស់ពីក្រុមហ៊ុន និងតំណាងរាស្ត្រមួយចំនួន។
យ៉ាងនេះក្ដី រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស Sajid Javid បានប្រកាសលុបចោលគម្រោងខាងលើ ដោយនិយាយថា រដ្ឋាភិបាលមិនបានចាត់ទុកថា ការប្រើប្រាស់ប័ណ្ណបៃតងវ៉ាក់សាំងជារឿងចាំបាច់នៅក្នុងស្ថានភាពវិបត្តិសុខភាពបច្ចុប្បន្ននៅ អង់គ្លេស ខណៈតួលេខនៃការចាក់វ៉ាក់សាំងបានកើនឡើងខ្ពស់។
អង់គ្លេស បានចាក់វ៉ាក់សាំង COVID-19 ដល់ពលរដ្ឋជាង 80% ក្នុងចំណោមពលរដ្ឋដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ។ រដ្ឋមន្ត្រីអង់គ្លេសខាងលើបន្ថែមថា គំនិតស្ដីអំពីការតម្រូវឱ្យបង្ហាញក្រដាស់ស្នាមនៅទីតាំងកំសាន្ត ធ្វើឱ្យលោកមានអារម្មណ៍ថា មានភាពតានតឹងក្នុងចិត្ត ហើយមនុស្សមួយចំនួនបានជំទាស់ និងបានហៅការស្នើនេះថាជារឿងរំលោភសិទ្ធិសេរីភាព។
បច្ចុប្បន្ន ប្រទេសនេះ បានរកឃើញអ្នកឆ្លង COVID-19 សរុបជាង 7.2 លាននាក់ ក្នុងនោះមានអ្នកស្លាប់សរុបជាង 134,200 នាក់៕