សហរដ្ឋអាមេរិក ៖ ក្រុមវិស្វករផ្នែកវិទ្យាសាស្ត្រ ណាណូ (nano) នៅសាកលវិទ្យា California San Diego កំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការវីរុស COVID-19 ដែលវ៉ាក់សាំងនេះអាចទ្រាំបាននឹងកម្ដៅ ដោយមានសមាសធាតុចម្បងគឺវីរុសពីរុក្ខជាតិ ឬបាក់តេរី។
វ៉ាក់សាំងខាងលើនេះ ទើបតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូងនៅឡើយ។ នៅលើសត្វកណ្ដុរ វ៉ាក់សាំងនេះជួយជំរុញការបង្កើតអង្គបដិប្រាណក្នុងបរិមាណយ៉ាងច្រើនដែលអាចកម្ចាត់ COVID-19។ បើសិនជាមានសុវត្ថិភាព និងប្រសិទ្ធភាពនៅលើមនុស្ស ផលិតផលនេះនឹងផ្លាស់ប្ដូររាល់ការប្រឹងប្រែងដើម្បីចែកចាយវ៉ាក់សាំង នៅទូទាំងពិភពលោក រួមទាំងតំបន់ជនបទដាច់ស្រយាល និងសហគមន៍ដែលមានប្រាក់ចំណូលទាប។
«បច្ចេកវិទ្យាវ៉ាក់សាំងរបស់យើង មានស្ថិរភាពផ្នែកសីតុណ្ហភាព ដូច្នេះវាអាចត្រូវបានប្រើប្រាស់នៅតំបន់ដែលមិនអាចដាក់ទូទឹកកកដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង ឬទីដែលរថយន្តបំពាក់ទូទឹកកកត្រជាក់ខ្លាំងមិនអាចទៅដល់» Nicole Steinmeetz សាស្ត្រាចារ្យផ្នែកបច្ចេកទេសណាណូ និងជាប្រធានមជ្ឈមណ្ឌលបច្ចេកទេសប្រព័ន្ធស៊ាំវិទ្យាកម្រិតណាណូ នៃមហាវិទ្យាល័យ Jacobs របស់សាកលវិទ្យាល័យ UC San Diego បានឱ្យដឹងដូច្នេះ។
ក្នុងការស្រាវជ្រាវដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី 7 កញ្ញា នៅលើទស្សនាវដ្ដីនៃសមាគមគីមីសាស្ត្រ សហរដ្ឋអាមេរិក ក្រុមស្រាវជ្រាវបង្កើតបានវ៉ាក់សាំងបង្ការ COVID-19 ចំនួនពីរប្រភេទ ក្នុងនោះ ទីមួយគឺជាវ៉ាក់សាំងអភិវឌ្ឍពីវីរុសនៅលើរុក្ខជាតិ ដែលវាមានឈ្មោះថា “cowpea mosaic virus” និងមួយប្រភេទទៀត អភិវឌ្ឍពីវីរុសនៅលើបាក់តេរី ដែលហៅថា Q beta។
ការអភិវឌ្ឍវ៉ាក់សាំងទាំងពីរប្រភេទនេះ សុទ្ធតែប្រើរូបមន្តដូចគ្នា។ ក្រុមស្រាវជ្រាវប្រើប្រាស់រុក្ខជាតិសណ្ដែកកួរ និងបាក់តេរី E. coli ដើម្បីបណ្ដុះជាវីរុសរុក្ខជាតិ និងវីរុសបញ្ញើក្អែកលើបាក់តេរី ចំនួនរាប់លាន ដែលមានរូបរាងជាគ្រាប់មូលល្អិតកម្រិតណាណូ។ អ្នកវិទ្យាសាស្ត្របានប្រមូលគ្រាប់វីរុសទាំងនេះ ក្រោយមកភ្ជាប់ប្រូតេអ៊ីនបន្លាមួយកំណាត់របស់ COVID-19 ទៅលើផ្ទៃរបស់វីរុសណាណូ។ ផលិតផលសម្រេច មានរូបរាងដូចទៅនឹងវីរុសចម្លងជំងឺដែលមានសមត្ថភាពជំរុញឱ្យប្រព័ន្ធការពាររាងកាយស្គាល់ពួកវា ប៉ុន្តែ ពួកវាមិនឆ្លងរាលដាលនៅលើមនុស្ស និងសត្វនោះទេ។ ប្រូតេអ៊ីនមួយកំណាត់ខ្លីមានរូបរាងដូចបន្លាដែលត្រូវបានភ្ជាប់ទៅនឹងផ្ទៃលើនៃវីរុសសិប្បនិម្មិតរបស់ក្រុមអ្នកវិទ្យាសាស្ត្រនេះ ជំរុញឱ្យរាងកាយធ្វើប្រតិកម្ម បង្កើតបានជាអង្គបដិប្រាណប្រឆាំងនឹងវីរុស COVID-19។
ប្រការដែលនាំឱ្យ Steinmetz សប្បាយចិត្តខ្លាំងបំផុត នោះគឺបច្ចេកវិទ្យាវ៉ាក់សាំងនេះអាចបត់បែនបានយ៉ាងល្អទៅតាមកាលៈទេសៈ ដោយវាអាចត្រូវបានកែសម្រួលក្នុងរយៈពេលខ្លីដើម្បីសម្របខ្លួនសម្រាប់ប្រឆាំងនឹងវីរុសដែលទើបបង្ហាញខ្លួនថ្មី។
យ៉ាងនេះក្ដី សារព័ត៌មាន Phys.org បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវខាងលើ ត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីអាចឈានដល់ដំណាក់កាលពិសោធន៍លើមនុស្ស៕